(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ប្រកាសជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះមេឧទ្ទាមក្បត់ជាតិ សម រង្ស៉ី ដែលមានចេតនាពិតប្រាកដក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសញ្ជាតិកម្ពុជាបានគូសបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងសកម្មភាពជាបន្តបន្ទាប់របស់ទណ្ឌិតក្បត់ជាតិ តសន្តាន សម រង្ស៉ី និងបក្សពួក គណបក្សសញ្ជាតិកម្ពុជា បានសង្កេតឃើញថា ក្រុមឧទ្ទាមខុសច្បាប់នេះ មានចេតនាពិតប្រាកដក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពួកវាមានបំណងចាប់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្របច្បាប់ និងរំលាយរាជបល្ល័ងប្តូររបបរាជានិយម ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើព្រះមហាក្សត្រ»។
គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា «ផែនការវិលត្រឡប់ និងវត្តមានក្រុមឧទ្ទាមខុសច្បាប់ នៅកម្ពុជា គឺជាការបង្កសង្គ្រាម ជាពិសេសពួកវាបានយកទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា២០១៩ និងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដើម្បីបង្កភាពវឹកវរចលាចល និងបង្ហូរឈាម ហើយបើអង្គការចាត់តាំង និងនយោបាយរបស់ក្រុមឧទ្ទាមខុសច្បាប់នេះ នៅតែបន្តនោះ សន្តិភាព និងការអភិវឌ្ឍ មិនអាចកើតមានបន្តទៀតបានឡើយ»។
គណបក្សសញ្ជាតិកម្ពុជា បានប្រាកសថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិតសន្តាន សម រង្សី និងបក្សពួក និងអំពាវនាវយ៉ាងទទូចដល់ សកម្មជនមួយចំនួន ដែលកំពុងចាញ់បោកឧបាយកលដ៏អាក្រក់ជួជាតិរបស់ ក្រុមនេះ ងាកមកចូលរួមទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងពិធីបុណ្យអុំទូកអកអំបុកលុយ ប្រទីបនិងសំពះព្រះខែ ជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញ។
គណបក្សសញ្ជាតិកម្ពុជា បន្តការគាំទ្រយ៉ាងពេញទំហឹងដល់ រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចតេជោហ៊ុន សែន ក្នុងការចាត់វិធានការឱ្យបានធ្ងន់ធ្ងរជាទីបំផុត ចំពោះមេឧទ្ទាមក្បត់ជាតិតសន្តាន សម រង្ស៉ី បក្សពួកព្រមទាំងអង្គការចាត់តាំង និងនយោបាយរបស់ក្រមនេះ។
គណបក្សសញ្ជាតិកម្ពុជា ក៏សូមចូលរួមដោយសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងអកអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា៖