(កោះកុង)៖ បណ្ដាញក្រុមឧទ្ទាមម្នាក់ទៀតហើយ ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅក្រុមខេមរភូមិន្ទ ខេត្តកោះកុង ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» របស់ទណ្ឌិត សម រង្ស៊ី។
សមត្ថកិច្ចបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា បណ្ដាញក្រុមឧទ្ទាមដែលបានចាប់ខ្លួន នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឈ្មោះ ហ៊ុ ស្រ៊ា (ណារ៉ុង) អាយុ៤១ឆ្នាំ នៅចំណុចផ្ទះជួលភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច អំពីផែនការក្បត់ជាតិរបស់ លោក សម រង្ស៉ី។ ជាមួយគ្នានេះ ក៏មានសមាជិកក្រុមសម រង្ស៉ី មិនតិចជាង៤០នាក់ផងដែរ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕