(ភ្នំពេញ)៖ ទីបំផុតមនុស្សជំនិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់បានលួចទម្លាយប្រាប់អំពីផែនការដ៏ខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៉ី ដែលរៀបចំផែនការប្រកាស ប្រមូលផ្តុំមនុស្សទៅព្រំដែនកម្ពុជា-ថៃ ត្រង់ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយប្រើប្រាស់ជនទី៣ ដើម្បីសម្លាប់អ្នកចូលរួម ដើម្បីបង្កើនកម្តៅព្រឹត្តិការណ៍ខ្លាំងក្លា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
មនុស្សជំនិតនៅក្បែរ សម រង្ស៉ី ដែលទទួលផែនការផ្ទាល់ពី សម រង្ស៉ី បានទម្លាយរៀបរាប់ផែនការរបស់លោក សម រង្ស៉ី ឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា៖
ដូចដែលយើងបានឃើញហើយថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានបង្ហាញអំពីសំបុត្រយន្តហោះរបស់លោកដែល ហោះចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ លើបណ្តាញសង្គម Facebook ផ្លូវការរបស់លោក ដើម្បីបង្ហាញបញ្ជាក់យ៉ាងច្បាស់ដល់ក្រុមគាំទ្ររបស់ខ្លួនថា លោក និងបក្ខពួក ប្រាកដណាស់នឹងធ្វើដំណើរតាមយន្តហោះ ចូលទៅទឹកដីប្រទេសថៃ ហើយឆ្លងចូលទឹកដីកម្ពុជា តាមរយៈច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងផែនការនេះលោក សម រង្ស៉ី មានគោលបំណងតែមួយគត់ គឺដើម្បីឲ្យមានការប្រមូលផ្តុំគ្នាក្នុងគោលដៅតែមួយ កុំឲ្យបែកខ្ញែកជាច្រើនកន្លែងច្រើនច្រក នៅតាមព្រំដែន ផ្សេងៗ។ ពិសេសជាងនោះនៅច្រកប៉ោយប៉ែត ក៏មានអាជីវករច្រើននាក់ស្រាប់ កំពុងលក់ដូរនៅក្នុងផ្សាររុងកឿមួយចំនួនដែលគាំទ្រ សម រង្ស៉ី អាចនឹងចូលរួមជាមួយពួកគេដែរ។
តាមផែនការសំងាត់លោក សម រង្ស៉ី បានឲ្យអ្នកគាំទ្ររបស់ខ្លួនដែលមកពីបណ្តាប្រទេសផ្សេងៗទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ឬថ្ងៃទី៨ ខែវិច្ឆិកា ហើយធ្វើដំណើរតាមរថយន្តក្រុងមួយឡាន៥០នាក់ ចេញពីទីក្រុងបាងកក ទៅកាន់ព្រំដែនប៉ោយប៉ែត ចំណែកអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ក៏ឲ្យធ្វើដំណើរទៅជួបជុំគ្នាព្រំដែន ប៉ោយប៉ែតដែរ។
ចំណែកលោក សម រង្ស៉ី ខ្លួនឯង បានស្នើសុំភាគីថៃ ដើម្បីឲ្យខ្លួនបានស្ថិតនៅក្នុងវត្តមួយកន្លែង ស្ថិតនៅជាយទីក្រុងបាងកក ហើយគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍មួយ ចេញពីវត្តមួយកន្លែងនៅជាយទីក្រុងបាងកក នាពេលល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលលោក សម រង្ស៉ី នឹងមិនទៅកាន់ព្រំដែនប៉ោយប៉ែតនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ទេ។ សេចក្តីថ្លែងការណ៍ សម រង្ស៉ី នឹងធ្វើការផ្សាយផ្ទាល់តាមរយៈ Facebook របស់ខ្លួន និងតាមរយៈ Facebook សកម្មជនមួយចំនួនទៀត។
មនុស្សជំនិតនៅក្បែរ សម រង្ស៉ី ដែលជាអ្នករៀបចំផែនការផ្ទាល់បានបន្តរៀបរាប់ថា តាមផែនការសំងាត់នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ក្រុមអ្នកគាំទ្រនឹងជួបជុំប្រមូលគ្នា នៅព្រំដែនប៉ោយប៉ែត ហើយលោក សម រង្ស៉ី នឹងប្រើប្រាស់ក្រុមមនុស្ស សម សេរី ជាមនុស្សបាតដៃទី៣ ជាពិសេសគឺឈ្មោះ អ៊ូ គឹមហ៊ុត ហៅចក់ ដើម្បីបង្កការអុកឡុកប្រើហឹង្សា បង្ហូរឈាម និងឈានដល់ការ សម្លាប់អ្នកចូលរួម ដើម្បីបង្កើនដុតកម្តៅក្រុមអ្នកប្រឆាំង និងបន្ថែមកម្តៅព្រឹត្តិការណ៍ ឲ្យពុះកញ្ជ្រោលនៅតំបន់ព្រំដែន ហើយចោទប្រកាន់ទម្លាក់កំហុសលើកម្លាំងមានសមត្ថកិច្ច ហើយប្រើប្រាស់ហេតុការណ៍ធ្វើជាឆ្នួនបំផុសកម្លាំងនៅក្នុងស្រុក និងទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិ។
កន្លងមកលោក សម រង្ស៉ី និងលោក សម សេរី បានធ្លាប់ជួបពិភាក្សានៅប្រទេសបារាំង ហើយលោក សម សេរី បានចាត់បញ្ជូនបុគ្គលឈ្មោះ អ៊ូ គឹមហ៊ុត ហៅចក់ ទៅកាន់ប្រទេសថៃ ដើម្បីរៀបចំជួបជុំពិភាក្សា និងផែនការដូចរៀបរាប់ខាងលើ។
លោក សម រង្ស៉ី និងបក្ខពួករបស់លោកមានលោកស្រី មូរ សុខហួរ បានប្រកាសច្រើនលើកច្រើនសារហើយថា នឹងចូលទឹកដីកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គោលបំណងប្រមូលផ្តុំកម្លាំងតែមួយ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងផែនការដ៏ខ្មៅងងឹតរបស់លោក សម រង្ស៉ី នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ប្រកាសថា ប្រសិនបើមានករណីដូច្នេះកម្លាំងសមត្ថកិច្ច នឹងចាត់វិធានការណ៍យ៉ាងម៉ឹងម៉ាត់ដើម្បីទប់ស្កាត់ក្រុមពួកឧទ្ទាមនេះ និងសូមប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាញ់បោក ឬទៅចូលរួមការប្រមូលផ្តុំណាមួយជាមួយក្រុមទណ្ឌិត សម រង្ស៉ី ដើម្បីជៀសវាងបង្កបញ្ហាដល់ខ្លួន និងអាយុជីវិតផងដែរ។
ជាងនោះទៅទៀត អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការព្រួយបារម្ភចំពោះបញ្ហានេះ និងសូមឲ្យបងប្អូនដែលចាញ់បោកការអូសទាញ របស់ក្រុមពួកឧទ្ទាម សូមចូលសារភាពជាមួយសមត្ថកិច្ច ដូចក្រុមមួយចំនួនបានសារភាពនាពេលកន្លងមក។
ខាងក្រោមជារូបភាពនៃសកម្មភាពក្រុមមនុស្សរបស់ សម រង្ស៉ី ជួបជុំពិភាក្សាគ្នានៅប្រទេសថៃ ដើម្បីរៀបចំផែនការអាក្រក់ប្រើប្រាស់មនុស្សទី៣ និងរូបភាពលោក សម រង្ស៉ី និង សម សេរី ជួបគ្នានាពេលកន្លងទៅ៖
រូបភាព លោក សម រង្ស៊ី ជួបជាមួយនឹង លោក សម សេរី នាពេលកន្លងមក