(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ អមដំណើរដោយលោកអភិបាលស្រុកមេមត់ អជ្ញាធរភូមិ ឃុំ ព្រមទាំងសហការី បានអញ្ជើញបើកការដ្ឋានជីកអណ្ដូងស្នប់ នៅភូមិស្រែជ្រាំ ឃុំដារ ស្រុកមេមត់ ដែលជាជំនួយរបស់អង្គការ សេន ចន និងជាជំនួយរបស់ប្រជាជនសិង្ហបុរី មានចំនួនសរុប០៩អណ្ដូង គិតជាទឹកប្រាក់អស់សរុប១៣,៥០០ដុល្លារសហរដ្ឋអាមេរិក។

អណ្ដូងស្នប់ចំនួន៩ ដែលបើកការដ្ឋានជីក នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ០៩ទីតាំងផ្សេងៗ ក្នុងភូមិឃុំ ក្នុងស្រុកមេមត់ ដែលបម្រើដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋប្រមាណ៣២៧គ្រួសារ កំពុងជួបប្រទះបញ្ហាកង្វះខាតទឹកស្អាត និងកន្លែងខ្លះទៀត ពុំមានទឹកស្អាតប្រើប្រាស់តែម្ដង។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត ក៏បានផ្សព្វផ្សាយពីសភាពការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន និងណែនាំបងប្អូនប្រជាពលរដ្ឋកុំឲ្យជឿ តាមការញុះញង់ឲ្យចូលរួមធ្វើសកម្មភាពដែលខុសច្បាប់ដែលរៀបចំឡើយដោយពួកឧទ្ទាមក្រៅច្បាប់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ពិសារអំបុកសាមគ្គីការពារជាតិ សាសនា ព្រះមហាក្សត្រ។

ឆ្លៀតក្នុងឱកាសនេះ លោក ហាក់ សុខមករា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងសំណូមមេត្តាបន្ត ផ្ដល់ជំនួយអណ្ដូងបន្ថែមទៀត ដើម្បីបម្រើជាផលប្រយោជន៍រួម នៅតាមបណ្ដាភូមិឃុំនានា នៅក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងជួបប្រទះកង្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់៕