(ស្វាយរៀង)៖ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់អតីតគណបក្សគណបក្សសង្គ្រោះ អតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុក និងអ្នកគាំទ្រ ប្រមាណ ២៨៩នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ បានចូលសារភាព និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា ពួកគេនឹងមិនដើរតាមផែនការ ក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។

អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់អតីតគណបក្សគណបក្សសង្គ្រោះជាតិ អតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុក និងអ្នកគាំទ្រ ប្រមាណ ២៨៩នាក់ ស្រី ១២២នាក់រួមមាន៖

*ទី១៖ ក្រុងបាវិត ១០នាក់ ស្រី ៤នាក់
*ទី២៖ ស្រុកកំពង់រោទិ៍ ៤៤នាក់ ស្រី២២នាក់
*ទី៣៖ ក្រុងស្វាយរៀង ១២នាក់ ស្រី៣នាក់
*ទី៤៖ ស្រុករមាសហែក ១០៤នាក់ ស្រី៥៣នាក់
*ទី៥៖ ស្រុកស្វាយជ្រំ ៤៤នាក់ ស្រី ១០នាក់
*ទី៦៖ ស្រុកស្វាយទាប ១៣នាក់ ស្រី០១នាក់
*ទី៧៖ ស្រុកចន្ទ្រា ២០នាក់ ស្រី ១០នាក់
*ទី៨៖ ស្រុករំដួល៤២ នាក់ស្រី ១៩នាក់។

លោក ឌុច សាខន អនុប្រធានគណៈកម្មាធិការ CNRP ខេត្ត អតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុក និងសមាជិកទាំងអស់ សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍រៀងៗខ្លួនថា ដោយមើលឃើញអំពីក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងយល់ឃើញពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ទើបពួកគេសម្រេចចិត្តដោយមិនមានការបង្ខិតបង្ខំអ្វីឡើយ គឺចូលដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណង ធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
សាររបស់ជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថាអ្នកចូលរួម និងគាំទ្រដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុសនឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕