(សៀមរាប)៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប (STC), ប្រតិបត្តិករទេសចរ, និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានធ្វើការស្រុះស្រួល មូលមតិគ្នាក្នុងការបញ្ចុះតម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសម្រួលតម្លៃនៃកញ្ចប់ទេសចរណ៍មួយចំនួនទៀត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តសៀមរាប-អង្គរ កាន់តែច្រើនបន្ថែមទៀត។

តំណាងនៃក្រុមប្រតិបត្តិករទេសចរណ៍ រួមនិងអាជ្ញាធរមានសមត្ថកិច្ច ដែលមានខាងមន្ទីរទេសចរណ៍ខេត្ត បានបន្តជួបពិភាក្សា រឹះរកវិធីសាស្រ្ត និងអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះ ក្នុងការបញ្ចុះតម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសម្រួលតម្លៃនៃកញ្ចប់ទេសចរណ៍ជាច្រើនទៀត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ដូចជាបញ្ចុះតម្លៃសេវាធ្វើដំណើរតាមជើងហោះហើរ ម្ហូបអាហារ និងសេវាស្នាក់នៅ ជាដើម ដោយស្ម័គ្រចិត្ត នេះបើតាមការអះអាង និងផ្សព្វផ្សាយរួមគ្នារបស់ CATA, STC, និងមន្ទីរទេសចរណ៍ខេត្ត ក្នុងនាមអាជ្ញាធរខេត្តសៀមរាប នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ជាបន្តបន្ទាប់រហូតមក យើងបានរួមសហការគ្នា ដើម្បីសម្រួលតម្លៃ (បញ្ចុះថ្លៃ) ឬការមិនតម្លើងថ្លៃ សម្រាប់កញ្ចប់ទេសចរណ៍ ពិសេសក្នុងឱកាសបុណ្យទានផ្សេងៗ ដូចជាតម្លៃសេវាធ្វើដំណើរ ម្ហូបអាហារ និងសេវាស្នាក់នៅជាដើម។

លោក ហ្វីលីប កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានលើកថា ក្នុងនាមវិស័យឯកជន ខាងវិស័យទេសចរណ៍ យើងពិតជាបាន និងកំពុងប្រឹងប្រែងធ្វើកិច្ចការរួមគ្នា ក្នុងការទាក់ទាញនូវកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប កាន់តែច្រើនបន្ថែមទៀត ពិសេសសូមស្វាគមន៍ ផងដែរ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។

លោកបានគូសបញ្ជាក់បន្ថែមថា សមាគមយើង បានធ្វើការបំផុស និងអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ឱ្យបន្តចូលរួមចំណែកក្នុងការរក្សាតម្លៃ ឬ/និង បញ្ចុះតម្លៃសម្រាប់ការស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗទៀតផងដែរ។ ហើយរួមគ្នាក្នុងការផ្ដួចផ្ដើម និងបង្កើតឱ្យមាននូវកញ្ជប់ផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ពិសេសការពង្រីក និងពង្រឹងនូវគុណភាព ប្រសិទ្ធិភាពនៃស្ដង់ដារសាវា ទេសចរណ៍ សំដៅទាក់ទាញ និងពន្យារពេល នៃការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានបន្តថា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរតាមមូលដ្ឋាន ក៏ដូចជា វិស័យឯកជន បាន និងកំពុងរៀបចំពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី៩-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងមានពិធីប្រណាំងទូក «ង» តាមបណ្ដោយដងស្ទឹងសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូព៌។

ពិធីនេះ ក៏នឹងមានរៀបចំនៅតាមស្រុក ឃុំ/សង្កាត់ ទីវត្តអារ៉ាម សណ្ឋាគារ រមណីយដ្ឋាន មួយចំនួនទៀតផងដែរ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជា ការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនារមណីយដ្ឋាននានានៅក្នុងខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រមួយនេះឱ្យកាន់តែច្រើនកុះករបន្ថែមទៀត។

លោកបានបន្ថែមថា នាពេលថ្មីៗនេះ ខាងអាជ្ញាធរខេត្ត ដែលដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកយុទ្ធនាការទិវាសម្អាតបរិស្ថានក្រុងក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ» ។ ហើយអាជ្ញាធរ និងសមត្ថកិច្ច បានត្រៀមការការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សម្រាប់ព្រះរាជពិធីនេះផងដែរ។

ក្នុងនាមអាជ្ញាធរខេត្ត គឺលោកមានសង្ឃឹម និងជឿជាក់ថា ពិធីនេះ នឹងមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ នឹងអញ្ជើញចូលរួមអបអរសាទរ និងទស្សនា កម្សាន្តយ៉ាងសប្បាយរីករាយ ឱ្យបានអធិកអធម ដើម្បីជាការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិយើង ឱ្យបានថ្កុំថ្កើង គង់វង្ស និងស្ថិតស្ថេរតរៀងទៅ៕