(កោះកុង)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួន សមាជិកក្រុមឧទ្ទាមម្នាក់ទៀត នៅក្នុងខេត្តកោះកុង ដែលពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ក្នុងផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ដែលរៀបចំដោយ សម រង្ស៉ី។

សមាជិកក្រុមឧទ្ទាមម្នាក់នេះ ឈ្មោះ ហ៊ុ ស៊ា ហៅណារ៉ុង ភេទប្រុស អាយុ៤១ឆ្នាំ នៅថ្ងៃនេះ ត្រូវបានអយ្យការអមសាលាដំបូងខេត្តកោះកុង សម្រេចធ្វើការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង។

បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឱ្យដឹងថា ការចោទប្រកាន់ខាងលើ សមាជិកក្រុមឧទ្ទាមនេះ គឺពាក់ព័ន្ធនឹងអង្គហេតុ «រួមគំនិតក្បត់» ដោយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជននេះបានប្រើប្រាស់បណ្តាញសង្គម Facebook របស់ខ្លួន ដែលមានឈ្មោះថា Hom Sra ដោយបានផុសរូប និងសរសេរសារលើរូបភាពរបស់ខ្លួនថា «ខ្ញុំត្រៀមទទួលលោកប្រធាន សម រង្ស៉ី ចុះអ្នកវិញ?» ក្នុងចេតនាគាំទ្រ អូសទាញ និងបំផុសបំផុល ឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងផែនការផ្តលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុងបន្តថា៖ លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឈ្មោះ ហ៊ុ ស៊ា ហៅណារ៉ុង បានឆ្លងដែន តាមរយៈច្រកព្រំដែនអន្តរជាតិចាំយាម ចូលមកលាក់ខ្លួន ក្នុងខេត្តកោះកុង ដើម្បីត្រៀមរៀបចំធ្វើសកម្មភាពក្នុងផែនការផ្តលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី» នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬ ចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥ឆ្នាំ ទៅ ១០ឆ្នាំ តាមប្បញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោស តាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕