(តាកែវ)៖ អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចធ្វើការចោទប្រកាន់បណ្តាញក្រុមឧទ្ទាមម្នាក់ឈ្មោះ សយ សំអុខ ភេទប្រុស អាយុ៤៦ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៤៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។
ការចោទប្រកាន់ជនត្រូវចោទខាងលើ គឺពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី» ដែលជាមេចលនាឧទ្ទាមក្រៅច្បាប់តាមរយៈការប្រើប្រាស់វិធីញុះញង់ អុជអាល បំផុសបំផុល និងអំពាវនាវឱ្យមានការប្រមូលម្តុំប្រជាពលរដ្ឋ ដើម្បីចាំទទួលការវិលត្រលប់របស់ទណ្ឌិត សម រង្ស៉ី ក្នុងការបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបង្កើតជាចលនាប្រឆាំងនឹងរាជរដ្ឋាភិបាល។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានបញ្ជាក់ទៀតថា បុគ្គលទាំងឡាយដែលពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបានតុលាការផ្តន្ទាទោសពីបទ «រួមគំទិតក្បត់» តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារពី ០៥ឆ្នាំ ទៅ ១០ឆ្នាំ។
ផ្ទុយទៅវិញ ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើ «រួមគំនិតក្បត់» ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ មុនពេលមានការចោទប្រកាន់នឹងត្រូវទទួលបានការលើកលែងឱ្យរួចផុតពីទោស។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការរាយការណ៍ អំពីអំពើល្មើស
ទាំងឡាយដែលពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដលរំលំរាជរដ្ឋាភិបាលកម្ពុជា និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឱ្យមានប្រសិទ្ធភាព៕