(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានយកជីវិតធ្វើដើមទុន រំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ បានបន្ដប្រកាសប្ដេជ្ញា ការពារឱ្យបាននូវសុខសន្ដិភាព និងធានាឱ្យបាននូវការរស់រានរបស់ប្រជាពលរដ្ឋកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវឱ្យបាត់បង់ជាដាច់ខាត។
ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មិត្តភក្តិបរទេសថា សម្តេចបានយកជីវិតធ្វើដើមទុន ដើម្បីរកសុខសន្តិភាព និងការរស់រានជាថ្មីសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដូច្នេះមិនត្រូវឱ្យបាត់បង់ឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិត្ដភក្ដិបរទេសត្រូវយល់ ព្រោះយើងខ្ញុំត្រូវគ្រប់គ្រងសភាពការណ៍មួយចាំបាច់ ព្រោះយើងខ្ញុំបានទទួលការ ឈឺចាប់រាប់មិនអស់ទៅហើយ ច្រើនពេកហើយដែលប្រជាជនកម្ពុជាទទួលការឈឺចាប់ ដោយសារតែពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បន្ទាប់មកគឺផ្ដួលរំលំ [...] យើងខ្ញុំទម្រាំរកសន្ដិភាពបាន ត្រូវចំណាយសាច់ឈាមរាប់មិនអស់ ដើម្បីធានាឱ្យកម្ពុជាមួយ មានការឯកភាពទឹកដីលើកដំបូង នៅក្នុងប្រវត្តិសាស្ដ្រ។ យើងខ្ញុំបានយកជីវិតធ្វើដើមទុន ដើម្បីធានាឱ្យជាតិមួយនេះឯកភាព ដូច្នេះដោយតម្លៃណាក៏ដោយ យើងខ្ញុំត្រូវធ្វើសកម្មភាពដោយខានមិនបាន ព្រោះខ្ញុំមិនទុកឱ្យប្រជាជនកម្ពុជា ស្លាប់ របួស និងព្រាតប្រាសនិរេស ដូចអតីតកាលដែលពួកគេ បានធ្វើមកលើយើងខ្ញុំនោះទេ យើងខ្ញុំពិតជាមិនយល់ព្រមទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា សម្ដេចគោរពតាមដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយផ្ដល់សិទ្ធិឱ្យអ្នកទាំងឡាយណា ដែលឈ្នះឆ្នោតដោយប្រជាធិបតេយ្យ មិនមែនមកដណ្ដើមអំណាច តាមរយៈការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រកាសមកចាប់ខ្លួននាយករដ្ឋមន្ដ្រីដែលកំពុងកាន់អំណាចនោះទេ។
យ៉ាងណាក៏ដោយ ដើម្បីការពារសុខសន្ដិភាពនេះ សម្ដេចតេជោ ហ៊ុន សែន នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកម្ទេចចោលនូវ រាល់សកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែសម្ដេចអំពាវនាវដល់អ្នកគ្រោងចូលរួម ធ្វើសកម្មភាពបង្កចលាចល ប្រញាប់ចូលសារភាព ដើម្បីទទួលបានការអនុគ្រោះ។
ស្របពេលដែលកម្ពុជា នឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ ខណៈការប្រគុំតន្ត្រីនៅតែធ្វើដូចរាល់ឆ្នាំ៕