(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើតខែកត្តិក ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន។

អគ្គមេបញ្ជាការបាន សម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកអគ្គរាជទូតថ្មី នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ អគ្គមេបញ្ជាការ បានសម្តែងនូវកី្តសប្បាយរីករាយ ជាមួយការកត់សម្គាល់ឃើញពីទំនាក់ទំនង នៃប្រទេសទាំងពីរដែលកាន់តែបន្តរីកចម្រើនឥតឈប់ឈរ។

ជាមួយនេះ អគ្គមេបញ្ជាការបានថ្លែងអំណរអរគុណចំពោះប្រទេសជប៉ុន ដែលជាមិត្តដ៏ល្អតាំងពីយូរមកហើយដែលតែងតែបានជួយគាំទ្រដល់កម្ពុជា ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមផ្ទៃក្នុង និងតែងតែគាំទ្រចំពោះភាពយុត្តិធម៌ក្នុងការបោះឆ្នោតនៅកម្ពុជាម្តងៗ។

ជាងនេះទៅទៀត ជប៉ុនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ដូចជា ជំនួយការកសាងស្ពានថ្នល់ សាលារៀន ជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជា។ ដោយឡែក នៅក្នុងកងយោធពល ខេមរភូមិន្ទ ជប៉ុនតែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយនិងបានជួយលើវិស័យជាច្រើនដូចជា ជួយហ្វឹកហ្វឺនកងកម្លាំងកម្ពុជាទៅបំពេញបេសកកម្ម ក្នុងក្របខ័ណ្ឌរបស់អង្គការ សហប្រជាជាតិ ជួយហ្វឹកហ្វឺនដល់មជ្ឈមណ្ឌលបោសសំអាតមីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ និងផ្នែកមនុស្សធម៌ជាច្រើនទៀត ក្នុងកងយោធពលខេមរភូមិន្ទក្នុងការហ្វឹកហ្វឺន កងកម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មក ប្រមុខការពារជាតិប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការផ្តល់ឱ្យគ្នាទៅវិញទៅមក ហើយជប៉ុននៅតែបន្តជួយផ្តល់អាហាររូបករណ៍ ដល់នាយទាហានវ័យក្មេងបន្តវេនទៅសិក្សានៅប្រទេសជប៉ុនជារៀងរាល់ឆ្នាំ ពិសេសទៀតនោះជប៉ុនគឺជាមិត្តដ៏ជិតស្និតមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាជាយូរអង្វែង។

លោក មីកាមី ម៉ាសាហ៊ីរ៉ូ បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអគ្គមេបញ្ជាការដែលបានចំណាយពេលវេលាអនុញាតឱ្យរូបលោកបានចូលជួបសំដែងការគួរសម ពិសេសព្រះមហាក្សត្រកម្ពុជា ដែលបានអញ្ជើញយាងទៅចូលរួមព្រះរាជពិធីឡើងគ្រងរាជរបស់ព្រះចៅអធិរាជជប៉ុន។

លោកបានសំដែងការកោតសសើរ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រទេសទទួលបានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែក កងយោធពលខេមរភូមិន្ទជប៉ុនតែងតែ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជានិច្ច ហើយថ្មីៗនេះការចូលចតរបស់នាវាជប៉ុននៅកំពង់ផែខេត្តព្រះសីហនុ បាននាំមកនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងបានសិក្សារៀនសូត្រដកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

អគ្គរាជទូត ក៏បានសំណូមពរឱ្យអគ្គមេបញ្ជាការទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងវេលាសមស្របណាមួយ ដើម្បីឱ្យទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជាកាន់តែត្រូវបានពង្រឹងពង្រីកថែមទៀត៕