(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ឥណ្ឌូនេស៉ី និងបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួមសហការយ៉ាងល្អជាមួយកម្ពុជា ក្នុងការចាត់វិធានការក្រុមក្បត់ជាតិ ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងទៀតថា កាលពីនៅក្នុងកិច្ចប្រជុំអាស៊ានលើក៣៥ នៅទីក្រុងបាងកក ប្រទេសថៃកន្លងទៅ សមាជិកអាស៊ានទាំងអស់មិនបាននិយាយដល់ក្រុមក្បត់ជាតិនោះឡើយ ព្រោះនេះជារឿងផ្ទៃក្នុងរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌូនេស៉ី ម៉ាឡេស៉ី ជាពិសេសព្រះរាជាណាចក្រថៃ ដែលឯកឧត្តមនាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ច័ន្ទអូឆា បានចេញមកថ្លែងកាលពីម្សិលមិញ ហើយក្នុងរយៈពេលដែលខ្ញុំទៅប្រជុំអាស៊ាន ខ្ញុំក៏បានធ្វើការជាមួយដៃគូទាំងអស់ នៅក្នុងអាស៊ានរបស់យើង ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ដែលជួយរួមចំណែកទៅដល់ស្ថិរភាពរបស់ប្រទេស»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្រុមឧទ្ទាមទាំងអស់នោះ ខ្លាំងបានតែនៅក្នុងបណ្ដាញសង្គម Facebook តែប៉ុណ្ណោះ ប៉ុន្ដែនៅពេលរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ មិនអាចធ្វើអ្វីកើតនោះឡើយ។ សម្ដេចបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ មិនទាន់មានស្ថានភាពអតិផរណាទំនិញលើទីផ្សារនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបទៀតថា តាមព័ត៌មានដែលសម្ដេចទទួលបាន នៅពេលនេះមានក្រុមអ្នកប៉ុនប៉ងបង្កចលាចលខ្លះ កំពុងលាក់ខ្លួននៅភ្នំក្រវ៉ាញ ដែលសម្ដេចហៅអ្នកទាំងអស់នោះមកលេងបុណ្យអុំទូកមក គ្មានអ្នកណាធ្វើអ្វីនោះទេ កុំឲ្យតែធ្វើសកម្មភាពខុសច្បាប់។ ចំណុចនេះ សម្ដេចសង្កត់ធ្ងន់ថា អ្នកចូលរួមជាមួយសកម្មភាពក្បត់ជាតិ ត្រូវតែមានទោស ដូច្នេះត្រូវប្រញាប់ចេញមកសារភាព។

គួរជម្រាបថា នាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានចេញមកបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួន តបនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយលោកអះអាងថា សម រង្ស៉ី នឹងមិនត្រូវអនុញ្ញាតឲ្យជាន់ទឹកដីថៃ ព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដោយឡែក សមត្ថកិច្ចម៉ាឡេស៊ី កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឃាត់ខ្លួនលោកស្រី មូរ សុខហួរផងដែរ បន្ទាប់ពីចាកចេញពីប្រទេសឥណ្ឌូនេស៊ី មកកាន់ប្រទេសម៉ាឡេស៊ី។ ក្រោយឃាត់ខ្លួននេះ អាជ្ញាធរម៉ាឡេស៊ីបញ្ជូនលោកស្រីទៅកាន់សហរដ្ឋអាមេរិកវិញ ដោយសារតែលោកស្រីបានប្រើប្រាស់ លិខិតឆ្លងដែនអាមេរិក។

លោកស្រី មូរ សុខហួរ បានរត់គេចចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីព្រលប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសនេះ បានស្នើឲ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនលោកស្រី។ លោកស្រីបានទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី នៅជិតពាក់កណ្តាលអាធ្រាត្រ ហើយក៏ត្រូវបានសមត្ថកិច្ចអន្តោរប្រវេសន៍ម៉ាឡេស៊ី ឃាត់ខ្លួនតែម្តង។

ទោះបីជាលោក សម រង្ស៉ី ប្រកាសថា នឹងធ្វើចលនាចេញពីប្រទេសថៃ កាត់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្ទែក្រោយមានការបញ្ជូនដីកានេះ ប្រទេសជិតខាងកម្ពុជាទាំងអស់បានសន្យាថា មិនឱ្យក្រុមឧទ្ទាមទាំងនេះប្រើប្រាស់ទឹកដីខ្លួនដើម្បីបង្កភាពវឹកវរ និងបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជាឡើយ។

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរម៉ាឡេស៊ី ក៏បានចាប់ឃាត់ខ្លួនមនុស្សជំនិតរបស់ លោកស្រី មូរ សុខហួរ ចំនួន២នាក់ផងដែរ ដែលព្យាយាមឡើងយន្តហោះពីរដ្ឋធានីកូឡាឡាំពួឆ្ពោះទៅកាន់ ទីក្រុងបាងកក ខណៈពួកគេគឺជាសកម្មជនអតីតគណបក្ស CNRP។ លោកស្រី មូរ សុខហួរ ក៏ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសថៃ បណ្តេញចេញពីទីក្រុងបាងកកផងដែរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩៕