(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ឲ្យបានខ្ពស់ ការរីករាលដាល ការចម្លងជំងឺអេដស៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា នាពេលខាងមុខនេះ។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យអាជ្ញាធរគ្រប់លំដាក់ថ្នាក់ ដែលបញ្ជូនទូក និងកីឡាករ មកកាន់រាជធានីភ្នំពេញ មានការទទួលខុសត្រូវខ្ពស់ ជាមួយនិងសុខទុក្ខរបស់កីឡា ដែលមកចូលរួមប្រកួត នៅទីក្រុងភ្នំពេញ។ ក្នុងនោះ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាមួយនិងការគ្រប់គ្រង ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជាកីឡាករ»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបាន នៅក្នុងស្ថានភាពដែលយើង ជួបប្រទះជារៀងរាល់ឆ្នាំ គឺបញ្ហាជំងឺអេដស៍ ដែលវាអាចរាលឆ្លងរីករាលដាល នៅក្នុងកាលៈទេសៈនោះ ហើយដែលជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាល បានធ្វើសកម្មភាពច្រើន នៅក្នុងការចែកចាយ ឬការអប់រំ»

ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរសាលារាជធានីភ្នំពេញ គ្រប់គ្រង និងប្រមូលសំរាមឲ្យបានល្អប្រសើរ និងអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ត ក្នុងពិធីបុណ្យអុំទូក កុំបោះចោលសំរាម ពាសវាលពាសកាល ពោលត្រូវទុកដាក់តាមធុងសំរាម។

សម្ដេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនរំលឹក ដល់បងប្អូនកីឡាករ ដែលមកចូលរួមប្រណាំងទូក ត្រូវពិនិត្យមើលចំណុះទឹកស្រែ និងរៀបចំទុកដាក់ស្រូវស្រែឲ្យបានល្អ មុនពេលចេញមកចូលរួមកំសាន្តសប្បាយ នៅក្នុងពីធីបុណ្យអុំទូក ចៀសវាងពេលវិលត្រឡប់ទៅវិញ ផលស្រូវជួបនឹងបញ្ហាកង្វះទឹកជាដើម។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន សូមឲ្យគណៈកម្មការ ដែលគ្រប់គ្រងក្រុមកីឡាករករអុំទូករបស់ខ្លួន យកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មាន រំលឹកបន្ថែមចៀសវាង កុំឲ្យបងប្អូនកីឡាករសប្បាយលង់ខ្លួន នាំជំងឺអេដស៍ ដល់ប្រពន្ធកូន និងក្រុមគ្រួសារ។

គូសបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ សរុបជិត២ម៉ឺននាក់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់។

បើយោងតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ គ្រោងចែកស្រោមអនាម័យជាង៥០ម៉ឺនស្រោម ជូនប្រជាពលរដ្ឋ ជាពិសេសកីឡាករអុំទូក នៅក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ ដើម្បីទុកការពារខ្លួន កុំឲ្យឆ្លងជំងឺអេដស៍ ពេលត្រលប់ទៅស្រុកកំណើតវិញ៕