(ភ្នំពេញ)៖ ជាថ្មីម្តងទៀត! ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តអំពាវនាវដល់សាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគ្រប់គ្រង និងប្រមូលសំរាមឱ្យបានល្អប្រសើរ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការមានប្រសាសន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយជាពិសេសបញ្ហាសំរាម ខ្ញុំបានដឹងថា អភិបាលរាជធានីភ្នំពេញ រួមសហការជាមួយនឹងក្រសួងបរិស្ថាន រួមសហការជាមួយនឹងមួយក្រុមយុវជន មានទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា អាចឈរជើងនៅតាមបណ្តាលទីតាំងមួយចំនួន ព្រោះបញ្ហានេះ ក្នុងរយៈពេល៣ថ្ងៃ ឬ៤ថ្ងៃ រាប់ទាំងថ្ងៃបុណ្យ គឺសំរាមច្បាស់ជាមានចំនួនច្រើន ដូច្នេះ ត្រូវរកវិធីគ្រប់គ្រងសំរាមនេះ ឱ្យបានម៉តចត់ នៅក្នុងពេលវេលា ដែលយើងមានបុណ្យទាន»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញក្តីសង្ឃឹមថា សម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងទទួលបានភាពល្អប្រសើរជាងបណ្តាលឆ្នាំមុនៗ ព្រោះមានការចូលរួមពីសំណាក់អង្គភាព និងស្ថានប័នពាក់ទាំងអស់ ដើម្បីធ្វើការលើរឿងសំរាមនៅក្នុងរដូវបុណ្យទាន ក្នុងរាជធានីភ្នំពេញ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមកលេងកម្សាន្ត នៅរាជធានីភ្នំពេញក្តី ឬនៅតាមរមណីយដ្ឋាននានាក្តី សូមចូលរួមធ្វើអនាម័យសំរាម ដែលខ្លួនបានទទួលទានហើយ សូមកុំបោះចោលសំរាមពាសវាលពាសកាល ពោលត្រូវទុកដាក់ក្នុងធុងសំរាម ជាពិសេសត្រូវចូលរួមទាំងអស់គ្នា ដើម្បីឱ្យក្លាយខ្លួនជាម្ចាស់ប្រទេសដែលមានភាពអនាម័យ និងស្អាតសម្រាប់យើងទាំងអស់គ្នា។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកថា ការប្រគុំតន្ត្រី នៅតែធ្វើដូចរាល់ឆ្នាំ ហើយសូមកុំជ្រួលច្របល់តាមជនអគតិមួយចំនួនដើរឃោសនាថានឹងមានការវាយគ្នានៅភ្នំពេញឱ្យសោះ គឺមិនមានការវាយតប់គ្នានោះទេ បើវាយគឺវាយតែមុខសញ្ញាធំ៩នាក់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ព្រោះសមត្ថកិច្ចបង្រ្កាបតែក្រុមមេក្បត់ជាតិ ប្រមាណ៩នាក់ប៉ុណ្ណោះ។

គួជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំដល់ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី និងអ្នកលក់ដូរទាំងអស់ ត្រូវមានធុងសំរាម ឬថង់សម្រាប់ទុកដាក់សំរាមផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើរ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមនៅក្នុងធុងសំរាម ឬកន្លោរសំរាមឱ្យបានត្រឹមត្រូវផងដែរ៕