(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញនូវក្តីកង្វល់ ចំពោះបញ្ហាអគ្គិសនីនៅកម្ពុជា ដោយសារតែប្រភពថាមពលអគ្គិសនី ដ៏សំខាន់របស់កម្ពុជា គឺវារីអគ្គិសនីជួបវិបត្តិខ្វះខាតទឹក នាំឲ្យការផលិតអគ្គិសនីធ្លាក់ចុះ ឬផលិតអគ្គិសនីបានថាមពលតិច ពិសេសនៅរដូវប្រាំង។
ជាមួយនឹងការបង្ហាញនូវក្តីកង្វល់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំការយោគយល់ជាមុន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ចំពោះបញ្ហាខ្វះខាតអគ្គិសនី ដែលអាចកើតមានឡើងដូចឆ្នាំកន្លងទៅ ដែលនាំឲ្យមាននូវការកាត់ផ្តាច់ ការផ្គត់ផ្គង់អគ្គិសនីផងដែរនោះ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលជាការកង្វល់ នៅត្រង់ថា វារីអគ្គិសនីរបស់យើងចាប់ផ្តើមខ្វះខាតទឹកទៀតហើយ តាមតួលេខដែល ឯកឧត្តម ស៊ុយ សែម ផ្ញើឲ្យខ្ញុំ។ នៅពេលម្សិលមិញនេះ ការផលិតអគ្គិសនីរបស់យើង ដែលមានកម្លាំងរហូតដល់១៣២៨មេហ្គាវ៉ាត់ យើងដើរបានតែ១៨៤ទៅ៦៨៧មេហ្គាវ៉ាត់តែប៉ុណ្ណោះ។ អីចឹងទេស្ថានភាពនេះ មិនទាន់ដល់ខែប្រាំងផង ប៉ុន្តែស្ថានភាពបានធ្លាក់ចុះហើយ ដូច្នេះអគ្គិសនីរបស់យើងនឹងមានបញ្ហាទៀត»។
ប៉ុន្តែទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីនេះ តាមរយៈការសាងសង់ នូវប្រភពថាមពលអគ្គិសនីផ្សេងៗទៀតដូចជា រោងចក្រអគ្គិសនីដោយដើរដោយថាមពលព្រះអាទិត្យ, រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ម៉ាស៊ីនផលិតថាមពលអគ្គិសនីដើរដោយឧស្ម័ន និងប្រេងឥន្ធនៈ និងការចរចាទិញអគ្គិសនីបន្ថែម ពីប្រទេសជិតខាងដូច ជាប្រទេសឡាវកម្លាំង២០០មេហ្គាវ៉ាត់ និងប្រទេសវៀតណាមផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការរៀបចំដំឡើងម៉ាស៊ីនផលិតថាមពលអគ្គិសនីកម្លាំង ៤០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងរាជធានីភ្នំពេញ តាមការគ្រោងទុកអាចនឹងរួចរាល់ ក្នុងខែមេសាខាងមុខ ដែលការដំឡើងម៉ាស៊ីននេះ វិនិយោគនូវទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ទិញម៉ាស៊ីនមកពីប្រទេសអាល្លឺម៉ង់ ទំហំ២០០មេហ្គាវ៉ាត់ និងទិញពីប្រទេសហ្វាំងឡង់ ២០០មេហ្គាវ៉ាត់ ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីក្នុងទីក្រុងភ្នំពេញ និងធានាថា ក្នុងទីក្រុងភ្នំពេញ មិនជួបបញ្ហាខ្វះអគ្គិសនីតទៅទៀត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ជំរុញការងារដំឡើងម៉ាស៊ីនផលិតថាមពលអគ្គិសនីនេះ ឲ្យបានលឿន ដោយធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យថាមពលអគ្គិសនី ដែលមានកម្លាំង៤០០មេហ្គាវ៉ាត សម្រេចបានលឿនជាងផែនការ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងម្ចាស់អាជីវកម្ម ដែលមានម៉ាស៊ីនភ្លើងដោយខ្លួនឯង នៅពេលដែលមានការចាំបាច់ ហើយត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី សូមប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនបណ្តោះអាសន្នសិន ទម្រាំដល់រាជរដ្ឋាភិបាល អាចដំឡើងនូវម៉ាស៊ីនផលិតថាមពល៤០០មេហ្គាវ៉ាត់ បាននៅក្នុងខែឧសភា ឆ្នាំ២០២០តទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «កត្តាធម្មជាតិ គឺវាដូច្នេះឯង វារីអគ្គិសនី វាត្រូវការទឹក ដល់ទៅពន្លឺព្រះអាទិត្យដល់តែមានពន្លឺទៀបមានភ្លើង ដូច្នេះទើបយើងត្រូវផ្គុំគ្នា រវាងវារីអគ្គិសនី រវាងថាមពលព្រះអាទិត្យ រវាងម៉ាស៊ីនប្រើដោយធ្យូងថ្ម ប្រើដោយឧស្ម័ន និងប្រើដោយប្រេងឥន្ធនៈ ដែលនេះជាបញ្ហាមួយដែលសូមអធ្យាស្រ័យទុកជាមុន»។
សូមជម្រាបថា នៅរដូវប្រាំងដើមឆ្នាំ២០១៩នេះ កម្ពុជាបានជួបបញ្ហាខ្វះខាតអគ្គិសនី ដោយសារតែវារីអគ្គិសនី ដែលជាប្រភពផ្តល់ថាមពលដ៏សំខាន់គ្មានទឹក តម្រូវឲ្យអគ្គិសនីកម្ពុជា ធ្វើការចែងចែកពេលវេលាផ្តាច់ចរន្តអគ្គិសនីតាមតំបន់ និងពេលវេលា ដើម្បីចែកថាមពលគ្នាប្រើ។ ឆ្លងកាត់នៅបទពិសោធន៍នេះ ទើបរាជដ្ឋាភិបាល បានចេញដាក់ចេញនូវការបង្កើតប្រភពថាមពលថ្មីៗបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីនេះ៕