(ភ្នំពេញ)៖ លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ យល់ឃើញថា ព្រឹត្តិការណ៍ហូបអំបុក នៅថ្ងៃទី៩ ខែវិច្ឆិកា ដែលត្រូវបានប្រកាសបង្កើតដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងរួមចំណែកជួយដាស់តឿនដល់យុវជនជំនាន់ក្រោយ ឲ្យស្គាល់ពីអត្តសញ្ញាណជាតិ។
ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News លោក រ័ត្ន សណ្តាប់ មើលឃើញថា នៅពេលបច្ចុប្បន្ននេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រជាពលរដ្ឋនៅតែគោរពប្រតិបត្តិដដែលទេ។ ប៉ុន្តែ សម្រាប់ក្មេងជំនាន់ក្រោយខ្លះ មិនស្គាល់ពីប្រវត្តិពិតប្រាកដ នៃប្រវត្តិព្រះរាជពិធីនេះទេ ដោយសារប្រទេសជាតិ ក៏ដូចជាពិភពលោកសព្វថ្ងៃជឿនលឿនខ្លាំង ដូច្នេះព្រឹត្តិការណ៍ហូបអំបុក ៩វិច្ឆិកា នឹងជួយឲ្យពួកគាត់ស្គាល់ពីអត្តសញ្ញាណជាតិបានមួយផ្នែកផងដែរ។
អ្នកជំនាញអារ្យធម៌ខ្មែរ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិធីគាត់នៅតែគោរពដដែលទេ ប៉ុន្តែប្រទេសស្ថិតក្នុងបរិបទទំនើបអញ្ចឹងយុវជនខ្លះគាត់មិនស្គាល់ពី របៀបដាល់អំបុក ឬក៏ការធ្វើអំបុក។ ខ្ញុំឃើញពិធី ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បង្កើតព្រឹត្តិការណ៍ហូបអំបុក គឺជាពិធីមួយដែលដាស់តឿនយុវជនយើង ឲ្យស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ»។
លោក រ័ត្ន សណ្តាប់ បន្តថា «លោកស្គាល់អំបុក ប៉ុន្តែបើថារបៀបដាល់អំបុកបែបណា គាត់អត់ដឹងទេ។ ពិធីហូបអំបុក ដាល់អំបុក ៩វិច្ឆិកា គឺជាពិធីមួយ ដែលដាស់តឿនឲ្យយុជនស្គាល់ពីអារ្យធម៌ផងដែរ គឺជាពិធីមួយល្អណាស់»។
អ្នកជំនាញអារ្យធម៌ខ្មែររូបនេះ ក៏បានរៀបរាប់អំពីគុណតម្លៃនៃប្រពៃណីអកអំបុករបស់ខ្មែរ។ លោកថ្លែងថា បើនិយាយពីគុណតម្លៃប្រពៃណីអកអំបុកនេះ ក្រៅពីបង្ហាញអត្ដសញ្ញាជាតិដ៏ល្អផូរផង់របស់ខ្មែរយើង ដែលតែងប្រារព្វក្រោយពេលប្រមូលផលស្រូវរួចតំាងពីបុរាណរៀងមកនេះ ពិធីនេះក៏ជាឱកាសមួយ ដែលក្រមុំៗកម្លោះ មានឱកាសបានបង្ហាញរូបរាង ការប៉ិនប្រសប់ និងជាឱកាសមួយជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីស្វែងយល់ចិត្ដគ្នាទៅវិញទៅមក បន្ទាប់ពីបញ្ចប់ធ្វើស្រែចំការអស់មួយរដូវរួចមកផងដែរ។
បើនិយាយពីរបៀបនៃការអកអំបុក គឺគេយកអំបុកដែលបានត្រៀមទុកដាក់ក្នុងកញ្ជើដោយតម្កល់នៅលើតុដោយស្រីៗជាអ្នកអក រីឯបុរសភ្ងើយ ហើយបង្គាប់ឲ្យបុរសហាមាត់ឲ្យធំ ដោយខ្លះក្ដាប់អំបុកហើយបង្អកចូលទៅក្នុងមាត់ ម្ដងហើយម្ដងទៀតដោយសួរថាពេញឬនៅ? អ្នកដែលត្រូវគេបង្អក គឺត្រូវគេថែមហើយថែមទៀត ទាល់តែឆ្លើយចេញមកសម្លេងទ្បុលៗមិនច្បាស់ថា «ពេញហើយ»។
បន្ទាប់ពីបង្អកអំបុកហើយគេបង្អកចេកទៀត ដោយចាប់ញាក់ឲ្យតែឈ្នះដៃ ហើយបុរសក៏អាចយកអំបុកអកទៅលើស្រ្ដីវិញផងដែរ យ៉ាងសប្បាយរីករាយ។ បើដូច្នេះចំពោះប្រពៃណីអកអំបុកនេះ បានបង្ហាញពីសាមគ្គីភាព ភាពសិ្នទ្ធិស្នាលដោយពេលអក គឺអំបុកកំពប់ធ្លាក់ពាសពេញដីជាការបកស្រាយនូវភាពសំបូរហូរហៀររបស់ ស្រុកទេសតំាងពីបរមបុរាណរៀងមក៕