(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានអះអាងថា ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវក្រមសីលធម៌គោលការណ៍ (Policy) ច្បាស់លាស់ គោរពដល់សិទ្ធិរបស់អតិថិជន ដោយខាងក្រុមហ៊ុនមិនអាចលួចដូរសំបុត្រ យន្តហោះដែលអតិថិជនបានកក់ទុក (Booking) សម្រាប់ធ្វើដំណើរជាដាច់ខាត ទោះបីអតិថិជនជាបុគ្គលជាប់បំរាម (Black list) យ៉ាងណាក្តី។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា «ការដូរថ្ងៃហោះហើរ ឬជើងហោះហើរ គឺមានតែអតិថិជនផ្ទាល់ខ្លួនឯងប៉ុណ្ណោះ មានសិទ្ធិប្តូរសំបុត្រយន្តហោះ ប្រសិនបើជើងហោះហើរផ្សេងណាមួយនៅទំនេរគឺអតិថិនជនអាចដូរដោយខ្លួនឯងតាមរយៈ (Online Ticketing) ប៉ុន្តែសម្រាប់ មន្រ្តីក្រុមហ៊ុនគ្មានសិទ្ធិលួចដូរជាដាច់ខាតនេះគឺជាបំរាមយ៉ាងច្បាស់លាស់របស់ក្រុមហ៊ុន»។
ការថ្លែងអះអាងរបស់ក្រុមហ៊ុន Thai Airways បែបនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា «មានគេលួចដូរសំបុត្រយន្តហោះរបស់លោក» ចេញផ្សាយយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលជាក្រុមហ៊ុនល្បីឈ្មោះរបស់ប្រទេសថៃដដែលរូបនេះបានបញ្ជាក់បន្តថា ទោះជាអតិថិជនធម្មតា ឬចំពោះបុគ្គលដែលជាប់បំរាម (Black list) អាចធ្វើការ Booking សំបុត្រយន្តហោះបានដូចគ្នា ព្រោះតែការកក់សំបុត្រធ្វើឡើងតាមប្រព័ន្ធ System របស់ក្រុមហ៊ុន។
តាមសារព័ត៌មាន The New York Times ចេញផ្សាយនៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ដោយដាក់ចំណងជើងធំៗថា «សម រង្ស៉ី មិនបានកក់សំបុត្រយន្តហោះទេ»។
បុគ្គលិកម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានថ្លែងអះអាងយ៉ាងដូច្នេះថា «លោក សម រង្ស៊ី អ្នកនយោបាយគណបក្សប្រឆាំងនៅកម្ពុជា មិនត្រូវបាន អនុញ្ញាតឱ្យឡើងយន្តហោះពីទីក្រុងប៉ារីស ទៅទីក្រុងបាងកកទេ ពីព្រោះការកក់សំបុត្រហោះយន្តរបស់គាត់មិនមានសុពលភាព»។ នេះបើយោងតាមសារព័ត៌មាន The New York Times ចេញផ្សាយ។
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ នៅឯអាកាសយានដ្ឋាន Charles De Gaulle នៅទីក្រុងប៉ារីស ដែលបានឆ្លើយតបតាមទូរស័ព្ទ ប៉ុន្តែបដិសេធមិនប្រាប់ឈ្មោះបាននិយាយថា «សំបុត្រ Economy Class ដែលមានសុពលភាព មិនមានឈ្មោះរបស់លោក សម រង្ស៉ី ទេ ហើយផ្នែក Economy Class សម្រាប់ការហោះហើរនៅថ្ងៃព្រហស្បតិ៍នេះគឺពេញហើយ។ លោកថាការកក់ឈ្មោះរបស់លោក សម រង្ស៉ី ត្រូវបានធ្វើឡើងសម្រាប់ជើងហោះហើរថ្មីនៅថ្ងៃសៅរ៍»។
ទីបំផុតជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩៕