(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ បានចេញដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ១០នាក់ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្សុី។
មនុស្សចំនួន១០នាក់នេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នាំខ្លួនទៅកាន់សាលាដំបូងរាជធានភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ ពាក់ព័ន្ធលើករណី (រួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្សុី)។
សូមរំលឹកថា មនុស្សចំនួន១០នាក់ ដែលសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរចុះធ្វើរដ្ឋបាល ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះធ្វើរដ្ឋបាល និងឃាត់ខ្លួនមនុស្សចំនួន១០នាក់នេះ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយលោក ពេជ្រ កែវមុន្នី ជាអភិបាលខណ្ឌមានជ័យ និងមានការសម្របសម្រួលដោយ លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មនុស្សទាំងទាំង១០នាក់ ដែលបានឃាត់ខ្លួននោះមានឈ្មោះដូចខាងក្រោម៖
១៖ លោក ទឹម សៀវ រស់នៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល
២៖ លោក ទឹម សុម៉េត
៣៖ លោក ថន ប៊ុនធឿន រស់នៅ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ពោធិសែនជ័យ
៤៖ លោក អ៊ុក ចន្តា ប្រចាំការនៅផ្ទះ សម រង្ស៉ី
៥៖ លោក ស្រង់ ឡាយ រស់នៅ អូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ។
៦៖ លោក ជួន សុផល រស់នៅផ្ទះលេខ៤អា ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
៧៖ លោក ហុក សំអាង រស់នៅភូមិបោះពួយ ឃុំឬស្សី ស្រុក លិច កំពុងត្រាច ខេត្តកំពត។
៨៖ លោក ណុក អូន រស់នៅផ្ទះលេខ១ ភូមិ២៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៩៖ លោក ស៉ី តារា រស់នៅភូមិទំនប់ ស្រុកបាទី ខេត្តតាកែវ
១០៖ លោក សូ តារា មានលំនៅដ្ឋានជាអ្នកយាមផ្ទះ សម រង្ស៉ី៕