(បាត់ដំបង)៖ ប្រធានមន្ទីរសុខាភិបាលបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរេត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា អគារថ្មីចំនួន៣អគារនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លើផ្ទៃដី ៣,៩២៤ ម៉ែត្រក្រឡា បានកំពុងតែងសាងសង់យ៉ាងរលូន មកទល់នឹងពេលនេះ សម្រេចបាន៧០% នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែមិនា ឆ្នាំ២០២០ខាងមុខនេះ។

លោកឱសថបណ្ឌិត វឿង ប៊ុនរេត បានថ្លែងបញ្ជាក់ទៀតថា អគារថ្មីនេះ «យើងបានប្រារព្ធពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក៏មានការចូលរួមពី លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, ប្រតិភូអមដំណើរ សមាជិកសភា សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋ មន្រ្តីរាជការមន្ទីរសុខាភិបាលខេត្ត កងកម្លាំង យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋជាច្រើនរូបទៀត»

អគារទាំង៣ រួមមាន អគារទី១៖ មាន៥ជាន់ មានទំហំ១២ម៉ែត្រ គុណ ៨.៨ម៉ែត្រ, អគារទី២៖ មាន១ជាន់ផ្ទាល់ដីទំហំ ៣៨ម៉ែត្រ គុណ១៥ម៉ែត្រ និងអគារទី៣ មាន២ជាន់ ទំហំ៧៨ម៉ែត្រ គុណ១៥ម៉ែត្រ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA ចំណាយទឹកប្រាក់១៤លាន ៥៣ម៉ឺនដុល្លារអាមេរិក៕