(ព្រះសីហនុ)៖ បន្ទាប់ពីបានស្គាល់យ៉ាងច្បាស់នូវសណ្ដានបោកប្រាស់ ម្ដងហើយម្ដងទៀតរបស់ទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធការសន្យាខ្យល់ថា វិលចូលប្រទេសកម្ពុជានោះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៦នាក់ទៀតហើយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
យោងតាមលិខិតស្មើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសកម្មជនទាំង៦នាក់នោះរួមមាន ទី១៖ឈ្មោះ ហ៊ួរ ស៉ីណូ, ទី២៖ឈ្មោះ សុស អ៊ូស្មាន, ទី៣៖ឈ្មោះ រ៉េម សាលេស, ទី៤៖ឈ្មោះ រ័ត្ន សារុន ភេទស្រី, ទី៥៖ឈ្មោះ រ៉េម សារី ភេទស្រី និងទី៦៖ឈ្មោះ រ៉េម យ៉ើ។ អ្នកទាំង៦ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពួកគាត់ទាំង៦នាក់ សុទ្ធតែបានបញ្ជាក់ដូចៗគ្នាថា មូលហេតុដែលសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយបច្ចុប្បន្នមើលឃើញពីទង្វើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកមួយចំនួនទៀត ដែលធ្វើមិនល្អមកប្រទេសជាតិ ក៏ដូចជាមកលើប្រជាជនទូទាំងប្រទេស។ ពិសេសការឃោសនាបង្កចលាចល ដោយគ្មានមូលដ្ឋានពិត ការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ប្រជាពលរដ្ឋ ដើម្បីតែអំណាចផ្ទាល់ខ្លួន និងបក្ខពួកប៉ុណ្ណោះ។
គួរជម្រាបថា ក្រោយពីឃើញនូវទង្វើយ៉ាងជាក់ច្បាស់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបន្ដបោកប្រាស់អ្នកគាំទ្រ ដោយមិនវិលចូលស្រុកតាមការសន្យា និងញុះញង់ប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ថ្នាក់ដឹកនាំតាមមូលដ្ឋាន និងសកម្មជនរបស់គណបក្សខ្មោចមួយនេះ បានប្រកាសដើរចេញជាបន្ដបន្ទាប់ និងចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕