(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃនោះ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃនោះទេ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវសូមបងប្អូនវិលត្រឡប់មកកាន់ផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជាវិញ អត់មានទោសពៃរ៍អ្វីទេ អត់មាននរណាចាប់ទេ។ ហ៊ុន សែន បញ្ជាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវចាប់ចង់អ្នកដែលបានលាក់ខ្លួននៅក្នុងប្រទេសថៃនោះទេ»។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីតំណែង។ ក្រោយការប្រកាសនេះ អតីតសកម្មជនមួយចំនួន បានលង់ខ្លួនចូលរួម ក្នុងផែនការដ្ឋប្រហារហូតត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួន ហើយអ្នកខ្លះទៀតក៏បានរត់គេចពីលំនៅដ្ឋាន។
ចំពោះអ្នកដែលមានដីកាចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា តាមបណ្តារាជធានីខេត្ត ដើម្បីលុបចេញ ឬដកដីកានោះ ដែលបានបញ្ជូនទៅដល់ នគរបាលយុត្តិធម៌ តាមបណ្តារាជធានី-ខេត្ត។
សម្តេចបានបញ្ជាក់ថា «ព្រះរាជអាជ្ញាដែលបានចេញដីកាចាប់ខ្លួនមនុស្សមួយចំនួន គប្បីត្រូវលុបដីកានោះវិញ ដើម្បីឱ្យគេបានវិលត្រឡប់ចូលស្រុក សូមយកដីកានោះពីនគរបាល ឬអាវុធហត្ថ និយាយរួមគឺនគរបាលយុត្តិធម៌ត្រឡប់មកវិញ ដើម្បីឱ្យបងប្អូនដែលរត់ទៅប្រទេសថៃ បានត្រឡប់មកវិញ មិនមែនតែអ្នកក្នុងប្រទេសថៃទេ រាប់ទាំងអ្នកនៅក្នុងប្រទេសកម្ពុជា រាប់ទាំងអ្នកនៅកំពត»។
សម្តេចបន្តថា៖ «នេះដោយសារអ្នកចាញ់បោកគេ បានជាមានរឿងអញ្ចឹង ! រាជរដ្ឋាភិបាលយល់ណាស់ ក៏ប៉ុន្តែមុនថ្ងៃទី០៩ (វិច្ឆិកា) រាជរដ្ឋាភិបាលមិនអាចប្រើសម្តីនេះបានទេ ព្រោះរាជរដ្ឋាភិបាល មានការចាំបាច់ ដើម្បីត្រួតត្រាសភាពការណ៍ប្រឆាំងនឹងរដ្ឋប្រហារ និងអំពើហិង្សាដែលគេប៉ុនប៉ងផ្តួលរំលំ តែពេលនេះក្នុងនាមខ្ញុំជាប្រធានអង្គនីតិប្រតិបត្តិ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់អ្នកដែលកំពុងរត់គេចខ្លួន ត្រឡប់មកភូមិកំណើតវិញ កុំលាក់ខ្លួននៅកន្លែងនេះកន្លែងនោះតទៅទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាល និងកងរាជអាវុធហត្ថ ក៏ដូចជាមន្រ្តីនៅមូលដ្ឋានទាំងអស់ កុំបន្តអនុវត្តវិធានការដល់អ្នកដែលបានចាញ់បោកក្រុមឧទ្ទាមបន្ត ហើយបើកផ្លូវឱ្យពួកគេត្រឡប់មកលំនៅដ្ឋាន។ សម្តេចបង្គាប់ឱ្យរាប់រកគ្នាដូចធម្មតា ដើម្បីរួមរស់នៅក្នុងម្លប់សន្តិភាព៕