(បាងកក)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។
ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខ្នាតធំចុងឆ្នាំ ថៃបានព្យាយាមចំរាញ់ និងជ្រើសរើសអ្វីដែលល្អៗរួមទាំងទីតាំងដ៏ធំសម្បើមដែលពុំធ្លាប់មាននៅក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ។ ចង់ដឹងថាមានអ្វីប្លែកខ្លះមានអ្វីល្អ និង អ្វីមិនល្អ សូមតាមដានដូចតទៅ៖
* កម្លាំងសន្តិសុខពង្រាយស្ទើរពេញទីក្រុងបាងកក៖
ថៃបានដាក់ពង្រាយកម្លាំងសន្តិសុខហួសពីការស្មានរហូតដល់ទៅជិត២ម៉ឺននាក់ ដើម្បីធានាសុវត្ថិភាពមេដឹកនាំធំៗមកពីប្រទេសទាំង១៨ ។ ប៉ុន្តែរាសីរបស់ប្រទេសថៃនៅចុងឆ្នាំ២០១៩នេះ ដូចជាមិនសូវល្អសោះដោយសារតែនៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះស្រាប់តែប្រធានាធិបតីសហរដ្ឋអាមេរិក មេដឹកនាំខ្នាតយក្ស Donald Trump អវត្តមានមិនមកចូលរួមប្រជុំ។
* តើកត្តាអ្វីដែលធ្វើឲ្យប្រធានាធិបតី Trump មិនមកប្រជុំនៅថៃ?
មានការបកស្រាយថា មកពីបញ្ហាផ្ទាល់ខ្លួនដែលត្រូវគេហៅសួរចម្លើយ (impeachment) និងបញ្ហាមួយចំនួនទៀតកំពុងកើតឡើងនៅសហរដ្ឋអាមេរិក រួមទាំងការរៀបចំបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយផង។ ប៉ុន្តែមានការបកស្រាយមួយទៀតថា លោក Trump មិនទម្លាប់ឱ្យតម្លៃវេទិការប្រជុំរួមធំៗឡើយ ពោលគឺស្ទីលដឹកនាំរបស់គាត់ចូលចិត្តរបៀបជំនួបមួយទល់មួយជាងជំនួបជាក្រុម ដើម្បីងាយស្រួលគាត់យកប្រៀបឈ្នះលើដៃគូរ។
ចាប់តាំងពីលោក Trump ចូលកាន់តំណែងជាប្រធានាធិបតី គាត់បានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានតែម្តងគត់ ហើយចូលប្រជុំបានតែមួយភ្លែតជាមួយមេដឹកនាំអាស៊ាន១០ប្រទេស រត់បាត់ គាត់គេចចេញពីកិច្ចប្រជុំធំជាមួយមហាយក្សចិន រុស្ស៊ី និងមេដឹកនាំមកពី១៥ប្រទេសផ្សេងទៀត។
កាលពីឆ្នាំមុននៅប្រទេសសឹង្ហបុរី លោក Trump បញ្ជូនអនុប្រធានាធិបតី Mike Pence ឲ្យតំណាងចូលប្រជុំជំនួសគាត់។
* មានអ្វីកើតឡើងនៅពេលដែលលោកត្រាំអវត្តមាននៅឯកិច្ចប្រជុំនោះ?
មេដឹកនាំអាស៊ានជាពិសេសម្ព័ន្ធមិត្តនៅអាស៊ី រួមមាន៖ វៀតណាម សឹង្ហបុរី ជប៉ុន អូស្រ្តាលី និងថៃជាម្ចាស់ផ្ទះ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំងទៅនឹងលោក ដូណាល់ ត្រាំ ដែលបញ្ជូនមន្រ្តីថ្នាក់ទាប លោក Robert O’Brien ជាទីប្រឹក្សាសន្តិសុខមួយរូប ដែលមិនស្ថិតក្នុងក្របខណ្ឌគណៈរដ្ឋមន្រ្តីមកប្រជុំជំនួសនៅថៃ ជាមួយមេដឹកនាំកំពូលរបស់អាស៊ាន រួមទាំងដៃគូដែលជាប្រទេសមហាអំណាចធំៗទៀតដែលមានទាំងចិន ជប៉ុន កូរ៉េ ឥណ្ឌា និងអូស្ត្រាលីផង។
ជាការឆ្លើយតប មេដឹកនាំអាស៊ានក៏សម្រេចធ្វើពហិការជាងពាក់កណ្តាលមិនចូលរួមប្រជុំជាមួយលោក O’Brien។ មានមេដឹកនាំជានាយករដ្ឋមន្រ្តីតែបីរូបប៉ុណ្ណោះចូលរួមប្រជុំជាមួយនឹងភាគីអាមេរិក ក្នុងនោះមានថៃ ជាម្ចាស់ផ្ទះ វៀតណាមជាម្ចាស់ផ្ទះប្រជុំបន្ទាប់សម្រាប់ឆ្នាំក្រោយ និងឡាវ ដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងអាមេរិក។ ក្រៅពីនោះត្រឹមឋានៈរដ្ឋមន្រ្តីការបរទេសប៉ុណ្ណោះ។
ដោយឡែកសម្រាប់អាមេរិកវិញ បន្ទាប់ពីទទួលបានព័ត៌មានថា អាស៊ានបន្ទាបថ្នាក់ដឹកនាំចូលរួមប្រជុំជាមួយតំណាងរបស់ខ្លួន លោក ដូណាល់ ត្រាំ បានផ្ញើសារសម្ងាត់មួយមកកាន់ប្រទេសឡាវ ដែលជាអ្នកសម្របសម្រួលដើម្បីធ្វើការតវ៉ាមកមេដឹកនាំអាស៊ាន ចំពោះសមាសភាពដែលត្រូវចូលរួមប្រជុំ ជាមួយនឹងតំណាងរបស់គាត់ ដោយនិយាយថា «ការធ្វើពហិការទាំងស្រុង ឬខ្លះពីមេដឹកនាំអាស៊ាននឹងត្រូវបានគេមើលឃើញថា ជាចេតនាដើម្បីបំបាក់មុខ ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយចំណុចនេះនឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរវាងអាស៊ាន និង អាមេរិក»។
បើទោះបីជាសម្ដែងការមិនពេញចិត្ត ឬ ជំទាស់ទៅនឹងការសម្រេចចិត្តរបស់មេដឹកនាំអាស៊ានក៏ដោយ ក៏ទីបំផុតលោក ត្រាំ ហាក់ដូចជាដឹងខ្លួន រួចក៏បន្ទន់ឥរិយាបថមកវិញ ដោយសូមអញ្ជើញមេដឹកនាំអាស៊ានទាំង១០ទៅចូលរួមកិច្ចប្រជុំពិសេសនៅអាមេរិកវិញនៅដើមឆ្នាំក្រោយ។ រហូតដល់ថ្ងៃនេះ មេដឹកនាំអាស៊ានមិនទាន់បានឆ្លើយជាផ្លូវការថា ឯកភាពទៅចូលរួម ឬក៏អត់នៅឡើយទេ ព្រោះមេដឹកនាំខ្លះចង់ប្រាប់អាមេរិកថា «អាស៊ានមិនគួរឲ្យខ្លួនទៅអាមេរិកញ៉ែបានស្រេចតែចិត្ត និង ពេលណាក៏បានដែរនោះទេ»។
ការអញ្ជើញនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មេដឹកនាំអាស៊ានដែលមិនរំពឹងថា មេដឹកនាំអាមេរិកដែលបានបដិសេធមិនមកប្រជុំ តែបែរជាមកបបួលគេទៅជួបគាត់ទៅវិញ។ កាយវិការនេះត្រូវបានគេប្រៀបប្រដូចទៅនឹង «យុទ្ធសាស្រ្តទីផ្សាររបស់អ្នកលក់ដែលបានបរាជ័យក្នុងការលក់ដំបូង ដោយប្តូរទៅជាការអញ្ជើញភ្ញៀវឲ្យទៅលេងផ្ទះដើម្បីជូនកាដូ»។
* មានអ្វីកើតឡើងមុន និងក្រោយនាយករដ្ឋមន្រ្តីកម្ពុជាទៅដល់ទីក្រុងបាងកក?
នៅសល់តែប៉ុន្មានថ្ងៃទៀតដែលលោក សម រង្ស៊ី រៀបចំផែនការត្រៀមឡើងយន្តហោះពីប៉ារីស ដើម្បីវិលត្រឡប់មកកម្ពុជាវិញតាមប្រទេសថៃ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅប្រទេសកម្ពុជា Patrick Murphy ក៏កំពុងស្ថិតនៅក្នុងទីក្រុងបាងកកដែរ។ ដោយសារមានចម្ងល់អំពីវត្តមានរបស់ឯកអគ្គរដ្ឋទូត Murphy នៅទីនោះ ខ្ញុំក៏ព្យាយាមស្វែងយល់ និងសិក្សាថាតើលោក Murphy ទៅទីនោះធ្វើអ្វី? ទីបំផុតទើបដឹងថា គាត់មកទីក្រុងបាងកកដើម្បីទទួលភារកិច្ចជួយសម្របសម្រួលការងារគណៈប្រតិភូអាមេរិកដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែប៉ុណ្ណោះ។
ព្រឹត្តិការណ៍មួយទៀត ចុះហេតុអ្វីបានអតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត វីចាជីវ៉ា ចូលសណ្ឋាគាររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងបាងកក?
បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដល់សណ្ឋាគារនៅទីក្រុងបាងកក បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែគេឃើញ លោក អាប់ភីស៊ីត វីចាជីវ៉ា ដើរចេញពីសណ្ឋាគារនោះវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កងសន្តិសុខ។
បន្ទាប់ពីមានចម្ងល់ពីមាត់មួយទៅមាត់មួយទៀត ខ្ញុំក៏បានសួរនាំអំពីហេតុការណ៍នោះទើបដឹងថា លោកអាប់ភីស៊ីត អញ្ជើញទៅចូលរួមពិធីការកូនក្រមុំកម្លោះថ្មីមួយគូរដែលប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារនោះតែប៉ុណ្ណោះ។
លោកអាប់ភីស៊ីតគឺជានាយករដ្ឋមន្ត្រីថៃមួយរូបក្នុងប្រវត្តិសាស្រ្តថៃដែលបានបង្កើតអរិយភាពយ៉ាងធន់ធ្ងរជាមួយនឹងសម្ដេចហ៊ុន សែន ជាពិសេសជាមួយនឹងកម្ពុជាជុំវិញជម្លោះនៅតំបន់ប្រាសាទព្រះវិហារនាឆ្នាំ២០០៨ ដែលនាំទៅដល់កូនសង្គ្រាមនិងការបង្ហូរឈាមរវាងប្រទេសទាំងពីរ។
* ប្រធានបទដែលអ្នកសាព័ត៌មានចាប់អារម្មណ៍ជាងគេនៅឯកិច្ចប្រជុំ៖
អ្នកសារព័ត៌មានបរទេសបានចាប់អារម្មណ៍ខ្លាំងជាងគេលើកិច្ចប្រជុំកំពូល ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលជាវេទិការសេដ្ឋកិច្ចថ្មីមួយមាន កំណើតចេញពីប្រទេសកម្ពុជា នៅឆ្នាំ២០១២ ហើយកំពុងធ្វើឲ្យពិភពលោកសម្លឹងមើលអំពីសក្តានុពលដ៏ធំធេងដោយសារមានប្រទេសចំនួន១៦បានផ្គុំគ្នា រួមទាំងមហាយក្សចិន និង មហាយក្សឥណ្ឌា បូកជាមួយអាស៊ាន ជប៉ុន កូរ៉េ អូស្រ្តាលី និង ណូវែលហ្សឺឡង់ ។
ដៃគូសេដ្ឋកិច្ចតំបន់ថ្មីនេះមានប្រជាជនសរុបជាង ៥០% នៃប្រជាជនទាំងអស់នៅលើពិភពលោក ធ្វើឲ្យអាមេរិកសម្លឹងមិនដាក់ភ្នែកឡើយ ហើយចុងក្រោយនេះឥណ្ឌាហាក់រារែក ចង់ដកខ្លួនចេញវិញ ធ្វើឲ្យជប៉ុនចង់ងាកទៅជាមួយដែរ ព្រោះអាមេរិកហាក់ដូចជាកំពុងនៅពីក្រោយខ្នងស៊ីញ៉ូឆ្វេងៗស្តាំ។ សម្រាប់មេដឹកនាំអាស៊ានវិញ បានចាត់ទុកសេចក្តីប្រកាសកិច្ចព្រមព្រៀង RCEP នៅពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ទោះបីជានៅមានបញ្ហាខ្លះ ដែលត្រូវចរចារបញ្ចប់មុននឹងឆ្លងនីតិវិធីផ្ទៃក្នុងសម្រាប់ការចុះហត្ថលេខានៅប្រទេសវៀតណាមនៅឆ្នាំ២០២០ខាងមុខ។
ដោយឡែកនិយាយពីឥណ្ឌាវិញ អ្វីដែលធ្វើឲ្យឥណ្ឌាបារម្ភ ឬភ័យខ្លាចនោះគឺការសង្គ្រប់ចូលនៃទំនិញរបស់ចិនទៅក្នុងទីផ្សារឥណ្ឌា។ ក្តីបារម្ភនេះហើយបានធ្វើឲ្យនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីកសិករ ពីអ្នកនយោបាយប្រឆាំង និងសូម្បីតែចលនាជាតិនិយមហិណ្ឌូដែលគាំទ្រគណបក្សរបស់គាត់ក៏សូមឱ្យឥណ្ឌានៅឆ្ងាយពី RCEP ដែរ។
* ថៃរៀបមុខម្ហូបពិសេសសម្រាប់ថ្នាក់ដឹកនាំ៖
ថៃបានរៀបចំមុខម្ហូបពិសេសចំនួន១១មុខមកពីបណ្ដាខេត្តក្រុងមួយចំនួន ដែលក្នុងនោះរួមមានទាំងមីនុយ (menu) មុខម្ហូបសរសេរចេញជា១៥ ភាសារួមទាំងភាសាខ្មែរផង។ សម្រាប់អ្នកសារព័ត៌មានវិញ ក្រៅពីកន្លែងធ្វើការស្រួល សម្ភារៈប្រើប្រាស់បរិបូណ៍នៅនឹងកន្លែង ម្ហូបអាហារសម្បូរបែប ថៃក៏បានផ្ដល់ម៉ាស្សា FREE ឱ្យម្នាក់មួយៗរាល់ថ្ងៃ ដើម្បីសម្រួលសសៃឈាម កុំឲ្យអ្នកកាសែតស្រ្តេស (stress) សរសេរមិនបានល្អ។
* ជំនួបបងប្អូនឥណ្ឌូចិនទាំងបី៖
ដូចសព្វដង ចាប់តាំងពីលោក ង្វៀន សួនហ្វុក ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាមមកលោកបានចាប់ផ្ដើមធ្វើការជួបជុំអាហារពេលព្រឹកជាប្រចាំ ជាមួយមេដឹកនាំកម្ពុជា និង ឡាវ។ រាល់ជំនួបនៃអាហារពេលព្រឹកម្ដងៗ នាយករដ្ឋមន្ត្រីវៀតណាមគឺជាអ្នកបោះមេ ជាអ្នកអញ្ជើញភ្ញៀវទាំងពីរទៅសណ្ឋាគាររបស់ខ្លួន។ អ្នកដែលនៅក្រៅឆាក ឬក៏មើលពីចំងាយហាក់ដូចជាគិតថានោះគឺជាបំណងរបស់វៀតណាមដើម្បីចង់ធ្វើជាបងធំនៃប្រទេសទាំងបី។
ប៉ុន្តែបើយោងតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដែលនាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះនោះ មានខ្លឹមសារថា៖ «ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការរឹតចំណងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី […] ភាគីទាំងបីបាន ពិនិត្យរួមគ្នាលើគម្រោងអាទិភាពនៃការអភិវឌ្ឍឲ្យមានការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ»។
បើតាមការយល់ឃើញពីអ្នកវិភាគភូមិសាស្រ្តនយោបាយវិញ វៀតណាមប្រហែលជាបារម្ភមិនតិចឡើយ ហើយប្រហែលជាកំពុងគិតថា កម្ពុជាងាកកាន់តែឆ្ងាយៗទៅទៅរកចិន ហើយឡាវក៏កំពុងពិចារណាដើរលើផ្លូវតែមួយជាមួយកម្ពុជាដែរ ដូចនេះហើយ ទើបមេដឹកនាំវៀតណាមព្យាយាមរៀបចំជំនួបជាប្រចាំជាក់ស្តែងការស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នាដល់ទៅ២ដង ក្នុងមួយឆ្នាំ ជារឿងមួយគួរឲ្យចាប់អារម្មណ៍នៅក្នុងឆាកនយោបាយតំបន់។
* លេខ ៩ នយោបាយ និងលេខ ៩ កីឡា៖
មានអ្នកតាមដាននយោបាយនាំគ្នាឆ្ងល់ថា ហេតុអ្វីបានជានៅឯកិច្ចប្រជុំអាស៊ានលើកនេះ ស្រាប់តែគេផ្ដល់អាវយឺតម្នាក់មួយៗដល់ថ្នាក់ដឹកនាំ ជាពិសេសលេខ ៩ ឲ្យចំនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពេលដែលលោក សម រង្ស៊ី កំពុងតែប្រើប្រាស់លេខ៩ ក្នុងយុទ្ធនាការនយោបាយ (ម្រាម ៩) ដើម្បីវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។
រឿងពិតគឺមិនបានជាប់ពាក់ព័ន្ធទៅនឹងនយោបាយទេ វាគ្រាន់តែជាការចៃដន្យ។ ក្រោយពីការចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) រួច លោកប្រធាន FIFA បានប្រគល់អាវយឺតឲ្យថ្នាក់ដឹកនាំម្នាក់មួយដោយលេខ ៩ សំដៅទៅលើថ្នាក់ដឹកនាំដែលមានឋានៈជានាយករដ្ឋមន្ត្រី ឯលេខ ១០ សម្រាប់ប្រធានាធិបតី ឬព្រះមហាក្សត្រ ដោយឡែកលេខ ២១ ប្រគល់ទៅឲ្យប្រធានាធិបតីឥណ្ឌូនេស៊ី ដោយមូលហេតុថាឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ U-20 Soccer World Cup នៅឆ្នាំ ២០២១។
ដោយឡែកនៅក្នុងវិស័យកីឡាបាល់ទាត់ លេខ៩ ត្រូវបានគេចាត់ទុកថា ជាលេខពិសេសព្រោះអ្នកដែលពាក់លេខ៩ គឺជាខ្សែប្រយុទ្ធជាអ្នកទាត់បាល់បញ្ជូលទី (goal)។ តារាបាល់ទាត់ដែលពាក់លេខ៩ ហើយប្រហែលជាល្បីជាងគេនៅលើពិភពលោកគឺ រ៉ូណាល់ដូ ដែលទាត់បញ្ចូលទីបាន៦៨គ្រាប់នៅក្នុងការប្រកួតចំនួន៩២លើក។ ដោយឡែកសម្រាប់លេខ ១០ វិញគឺជាខ្សែបម្រើ ហើយតារាបាល់ទាត់ល្បីៗដែលពាក់លេខ ១០ រួមមានប៉េឡេ និង ម៉ារ៉ាដូណា។ ចំពោះកីឡាករបាល់ទាត់ល្បីដែលពាក់លេខ២១ គឺ រ៉ូណាល់ឌីញ៉ូ មកពីប្រេស៊ីល ។
* នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា រត់មកអោបមេដឹកនាំឥណ្ឌូចិន៖
ក្រោយពីកិច្ចប្រជុំជាមួយសមភាគីចុងក្រោយ អាស៊ាន-ជប៉ុន ចប់ភ្លាម លោកប្រាយុទ្ធ គ្រាន់តែឃើញមេដឹកនាំ កម្ពុជា វៀតណាម ឡាវ កំពុងឈរជជែកគ្នាស្រាប់តែរត់ មកអោបពីក្រោយរហូតអ្នកនៅក្បែរទាញទូរស័ព្ទរៀងៗខ្លួនស្ទើរតែមិនទាន់ដើម្បីថតរូប រីឯនាយករដ្ឋមន្រ្តីឡាវ មិនអស់ចិត្តដែរក៏បក់ដៃហៅកូនចៅលឿនឡើង «ថតមួយៗ»។
* យន្តហោះអាមេរិកខូច ធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រតិភូដ៏ទៃ៖
វាពិតជាកម្រណាស់ដែលយន្តហោះអាមេរិក ជាប្រទេសអ្នកមាន និងជាមហាអំណាចដ៏ធំបំផុតនៅលើពិភពលោកបែរជាខូច។ យន្តហោះនោះត្រូវការពេលជួសជុលអស់មួយថ្ងៃ ទម្រាំអាចធ្វើដំណើរចេញពីប្រទេសថៃបាន ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មេដឹកនាំដទៃទៀតដែលត្រូវចេញដំណើរដែរ។
* មុខមាត់ថៃជាម្ចាស់ផ្ទះឆ្នាំ២០១៩៖
ក្នុងនាមជាម្ចាស់ផ្ទះមួយឆ្នាំពេញ អ្នកតាមដានកិច្ចការអាស៊ានបានវាយតម្លៃថាទោះបីជាលោក ប្រយុទ្ធ ចាន់អូចារ បានសម្តែងក្តីរីករាយនៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំក៏ដោយ ក៏ប្រទេសថៃបានបាក់មុខមិនតិចឡើយ ព្រោះភ្ញៀវសំខាន់ដល់ទៅពីររូប គឺប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau មិនមានវត្តមាននៅប្រទេសថៃឡើយ ហើយកិច្ចព្រមព្រៀង RCEP ដែលគ្រោងចុះហត្ថលេខានៅប្រទេសថៃចុងឆ្នាំនេះក៏ត្រូវបាត់បង់ទៅទៀត ទុកឲ្យវៀតណាមជាអ្នកត្រងយកចំណេញនៅឆ្នាំក្រោយ៕
ដោយ៖ លោក Puy Kea