(កំពត)៖ ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅសាលាខេត្តកំពត ជាមួយអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ នាថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់កិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News ប្រមាណ១៤នាទី ដោយបានរៀបរាប់ពីដំណើរការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នាចុងឆ្នាំ២០១៩ ខាងមុខនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរការរៀបចំកិច្ចការងារនានាសម្រេចបានប្រមាណជាង ៨០% ហើយ ក្នុងនោះមានដូចជាកិច្ចការតុបតែងលម្អតាមទីសាធារណៈ សួនច្បារ ការជួសជុលហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ការបំពាក់និងបន្ថែមភ្លើងបំភ្លឺក្នុងទីក្រុង ការរៀបចំវិថីម្ហូបអាហារ (Food Street) ការរៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេសតាមព្រែកទឹកឈូ ឬព្រែកកំពង់បាយ ភ្នំបូកគោ ស្រែអំបិល តំបន់កសិទេសចរណ៍ចម្ការម្រេច តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សហគមន៍ទេសចរណ៍មួយចំនួន ព្រមទាំងគោលដៅទេសចរណ៍នៅខេត្តកែបផងដែរ។
ក្រៅពីនោះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តកំពត និងពីខេត្តកំពតទៅកាន់គោលដៅនានាមួយចំនួនទៀត ដោយលោកបានស្នើអាជ្ញាធរខេត្ត មន្ទីរ និងក្រសួងសាធារណការ ជួយពន្លឿនការជួសជុលផ្លូវជាតិលេខ៣ លេខ៣៣ និងផ្លូវនានាជាច្រើនទៀត យ៉ាងហោចណាស់ក៏សុំរៀបចំត្រឹមឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរបានសមរម្យ នៅមុនពេលបុណ្យសមុទ្រមកដល់។
ម្យ៉ាងទៀត លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងខេត្តកំពត សូមកុំមានការដំឡើងថ្លៃសេវា និងទំនិញរបស់ខ្លួនថ្លៃហួសហេតុពេក ពិសេសត្រូវបើកឱ្យមានការទទួលការកក់កន្លែងស្នាក់នៅឡើងវិញ ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរ ក្រុមមន្ត្រីដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រ ក្រុមសិល្បករ កីឡាករជាដើម។
បើតាមការរំពឹងទុករបស់លោករដ្ឋមន្ត្រី ថោង ខុន ភ្ញៀវទេសចរដែលនឹងមកចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតខាងមុខនេះ នឹងមានចំនួនច្រើនកុះករជាងឆ្នាំកន្លងទៅ ខណៈប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ រីឯប្រជាពលរដ្ឋក៏កាន់តែមានភាពជីវភាពធូរធា និងចង់ចេញដើរកម្សាន្តកាន់តែច្រើនឡើងៗ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩៕
សូមទស្សនាវីដេអូកិច្ចសម្ភាសជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖