(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានប្រកាសថា លិខិតដែលប្រើប្រាស់ «អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង» ហើយស្នើឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា បោះឆ្នោតដកសេចក្តីទុកចិត្តលើ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែវិច្ឆិកានោះ គឺជាលិខិតក្លែងក្លាយ ដែលប្រឌិតឡើងដោយមជ្ឈដ្ឋានប្រឆាំង។
ការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើនៅក្នុងឱកាសដែល សម្តេចបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្ដីពី «កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨» ក្រោមប្រធានបទ «កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាស រួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចបានបញ្ជាក់ថា «នេះជាលិខិតក្លែងក្លាយ មកពីមជ្ឈដ្ឋានជំទាស់ហើយ មកពីមជ្ឈដ្ឋានប្រឆាំងហើយ ហើយខ្ញុំព្រះករុណាខ្ញុំ បានចាត់ចែងឱ្យគ៨៥ ទៅឱ្យគណបក្សបាត់ដំបង ដើម្បីធ្វើការបដិសេធរួចហើយ។ នេះមានន័យថា បំណងមិនល្អរបស់អ្នកប្រឆាំងនោះ ក្នុងន័យដើម្បីបំបែកបំបាក់ផ្ទៃក្នុងរបស់ គណបក្សប្រជាជន ដែលយើងប្រឆាំងដាច់ខាត មិនអាចទទួលយកបានទេ»។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សកម្មជនក្រុមប្រឆាំង បានចែកចាយជាបន្តបន្ទាប់នូវលិខិតមួយ ដែលក្លែងធ្វើជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។ ក្នុងលិខិតនោះ បានស្នើឱ្យសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា សូមបោះឆ្នោតសម្រេចដកសេចក្តីទុកចិត្តលើសម្តេច ហ៊ុន សែន ពីតួនាទីប្រធានគណបក្សប្រជាជនកម្ពុជា និងពីតួនាទីជាបេក្ខភាព នាយករដ្ឋមន្រ្តីជាបន្ទាន់។
លិខិតក្លែងក្លាយនេះ បានផ្សព្វផ្សាយចេញបន្ទាប់ពីក្រុមឧទ្ទាមដែលដឹកនាំដោយ ទណ្ឌិត សម រង្ស៉ី បានបរាជ័យក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានសង្ស័យថា ជាលិខិតក្លែងដើម្បីញុះញង់បំបែកបំបាក់សាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចំអកដល់ក្រុមឧទ្ទាមដែលបរាជ័យថា ពួកគេមិនអាចបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបាន ដោយសារតែមិនច្បាស់អំពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមបញ្ជាក់បញ្ជាក់ជូនអ្នកឯងវិញថា អ្នកឯងស្គាល់ផ្ទៃក្នុងរបស់គណបក្សប្រជាជនតិចពេកហើយ គណបក្សប្រជាជនរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ដោយសារការសាមគ្គីភាព ឯកភាពផ្ទៃក្នុង។ គណបក្សប្រជាជនគ្មានការដណ្តើមអំណាចណាមួយ ជាមួយគ្នានោះទេ ចំណុចនេះហើយដែលអ្នកឯងមិនអាចយកឈ្នះ ហើយចំណុចនេះហើយដែលអ្នកឯងតែងតែចាញ់ ព្រោះអ្នកឯងមិនអាចវាយតម្លៃផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបានទេ»៕