(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងប្រលយឲ្យដឹងពីការរុករកឃើញប្រភពធនធានធម្មជាតិ គឺធ្យូងថ្ម និងរ៉ែមាស នៅក្នុងខេត្តចំនួន២របស់កម្ពុជា ដែលអាចជួយទ្រទ្រង់ដល់សេដ្ឋកច្ចជាតិបានមួយកម្រិតថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់ប្រើប្រាស់ ធនធានធម្មជាតិនៅឡើយនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្យូងថ្មត្រូវបានរកឃើញ នៅខេត្តឧត្តរមានជ័យ ហើយនឹងត្រូវប្រើប្រាស់ ដើម្បីផលិតថាមពលអគ្គិសនី នៅទីនោះតែម្តង។
ពាក់ព័ន្ធរ៉ែមាសវិញ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចទើបទទួលបានរបាយការណ៍ របស់ក្រុមហ៊ុនអូស្ត្រាលីមួយ រកឃើញរ៉ែមាស ដែលអាចនឹងមានប្រាក់ចំណូលគួរសម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមិនទាន់ប្រើប្រាស់ធនធានធម្មជាតិរបស់យើងទេ ជាប្រេង ជាធ្យូងថ្ម។ ឥឡូវធ្បូងថ្មយើងរកឃើញសម្រាប់ធ្វើអគ្គិសនីនៅកន្លែងហ្នឹងតែម្តង យើងប្រើប្រាស់ធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ធ្វើការផលិតអគ្គិសនី នៅកន្លែងហ្នឹងតែម្តង។ របាយការណ៍ប៉ុន្មានថ្ងៃមុន ដែលបានខ្ញុំសម្រេច រ៉ែមាសរបស់យើងនឹងធ្វើអាជីវកម្ម ក្នុងខ្នាតមួយដែលមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី ប៉ុន្តែការរំពឹងជាងគេរបស់ខ្ញុំរំពឹងទៅលើប្រេង»។
ពាក់ព័ន្ធនឹងរ៉ែមាសនេះ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែវិច្ឆិកានេះថា ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី គឺសំដៅដល់ក្រុមហ៊ុន រ៉ឺណែសសង់ ខេមបូឌា ដែលទទួលបានសិទ្ធិវិនិយោគរុករករ៉ែមាស នៅតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលក្រុមហ៊ុននេះ ទើបតែបញ្ជាក់មករាជរដ្ឋាបាលពីរកឃើញនូវបរិមាណបឋម ដែលអាចចាប់ផ្តើមធ្វើអាជីវកម្មបាន។ លោកថា តាមការវាយតម្លៃ ជំហានដំបូងនៃគម្រោងនេះ អាចទទួលបានមាសប្រហែល៩០ម៉ឺនអោន (Ounces) សម្រាប់រយៈពេល៨ឆ្នាំ [១អោនស្មើនឹងជាង១៤៦០ដុល្លារ]។
លោកបញ្ជាក់ថា «ក្រុមហ៊ុននេះ កំពុងតែកសាងនូវហេដ្ឋារចនាសម្ព័ន្ធធ្វើអាជីវកម្ម មានការធ្វើផ្លូវ រៀបចំអណ្តូងរ៉ែ ជាដើម្បី និងទើបសិក្សាវាយតម្លៃផលប៉ះពាល់ បរិស្ថានទើបតែបញ្ចប់។ គម្រោងអាជីវកម្មដំបូងរបស់ក្រុមហ៊ុននេះ ប្រហែលជាទទួលបានរ៉ែមាស ៩០ម៉ឺនអោន ក្នុងរយៈពេល៨ឆ្នាំ នៃគម្រោងទី១»។
លោក យស មុនីរ៉ាត់ បានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនអូស្ត្រាលី ដែលរុករករ៉ែនៅខេត្តមណ្ឌលគិរី ក៏មានក្រុមហ៊ុនអូស្ត្រាលីផ្សេងទៀត កំពុងរករ៉ែនៅខេត្តរតនគិរី និងព្រះវិហារផងដែរ តែមិនទាន់ទទួលបានលទ្ធផលថាមានទំហំធំដុំ ដូចនៅខត្តមណ្ឌលគិរីនោះឡើយ៕