(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតសម្រេចផ្អាកដំណើរការការដ្ឋាសាងសង់ជាបណ្ដោះអាសន្ន អគារកម្ពស់ ៤២ជាន់ (GOLD TOWER 42) ក្រោយមានហេតុការណ៍ធ្លាក់ផ្ទាំងដែកត្រូវរថយន្ដអ្នកធ្វើដំណើរ។
នេះបើតាមលិខិតផ្អាកដែលចេញដោយ លោក ផាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រៅការផ្អាក់ដំណើរការដ្ឋាន មន្ដ្រីជំនាញរបស់ក្រសួង សហការជាមួយមន្ដ្រីសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌបឹងកេងកង បានចុះទៅពិនិត្យផ្ទាល់នៅការដ្ឋានផងដែរ ដើម្បីសិក្សាលម្អិតបន្ថែមទៀត មុនឈាងដល់ការចាត់វិធានការបន្ដតាមនីតិវិធី កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។់
កាលពីម្សិលមិញ ក្រោយមានហេតុការណ៍នេះកើតឡើង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានចេញបញ្ជាឲ្យផ្អាកការដ្ឋាននៅអគារកម្ពស់៤២នេះផងដែរ។ នេះជាការបញ្ជាក់របស់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង។
សូមបញ្ជាក់ថា ដែកយោងជណ្ដើរយន្ដមួយធ្លាក់ចេញពីអគារកម្ពស់ ៤២ជាន់ នៅក្បែរស្ដុបពេទ្យចិន ទល់មុខវិទ្យាល័យព្រះយុគន្ធរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវចំរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes-Benz S350 ពាក់ស្លាកលេខភ្នំពេញ2BC-7788 ខ្ទេចមួយកំណាត់ក្រោយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរដែលឈប់រង់ចាំស្ដុប នៅក្បែរភ័យព្រលឹងចុងសក់។
សេចក្ដីរាយការណ៍ពីភា្នក់ងារ Fresh News បានឲ្យដឹងថា រថយន្ដដែលធ្លាក់ដែកត្រូវនេះ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ស្ដុបក៏ឈប់រង់ចាំ ជាមួយអ្នកដំណើរផ្សេងទៀត ស្រាប់តែពេលកំពុងឈប់នោះ ក៏ដែកមួយផ្ទាំងធំធ្លាក់ចេញពីអគារកម្ពស់៤២ជាន់ ចំរថយន្ដនោះផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យការខូចខាត។ តែអ្វីដែលជាសំណាងនោះ ផ្ទាំងដែកធំមួយនេះ មិនខ្ទាតត្រូវពលរដ្ឋណាម្នាក់ ដែលនៅក្បែរនោះឡើយ។
សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលមានការធ្លាក់ដែកចេញអគារកម្ពស់៤២ជាន់ ដែលកំពុងដំណើរការសាងសង់នេះ ពោលកន្លងទៅ ក៏មានហេតុការណ៍ធ្លាក់ដែកចំរថយន្ដ នៅក្បែរនោះ បណ្ដាលឲ្យរងការខូចខាតផងដែរ៕