(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសផ្អាកការស្នើសុំគោរមងារ ជាបណ្ឌិតសភាចា្យ ជាបណ្តោះអាសន្ន ក៏ប៉ុន្តែមិនមែនបិទនោះទេ គឺនឹងបើកឡើងវិញនៅថ្ងៃណាមួយ។
ការមានប្រសាសន៍ដាក់ចេញនូវការស្នើសុំគោរមងារជាបណ្ឌិតសភាចារ្យនេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាព សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យោងទៅតាមការស្នើសុំឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានបណ្ឌិតសភាចារ្យ ស្នើមកខ្ញុំដើម្បីរក្សាតម្លៃ យើងស្នើផ្អាកត្រឹមប៉ុណ្ណឹងសិននេះ ជាវគ្គទី៣ [...] យើងស្នើផ្អាកប៉ុណ្ណឹងសិន ឯចំពោះបញ្ហាទាក់ទិនជាមួយនឹងការផ្តល់ដោយរាជបណ្ឌិត្យសភា និងរឿងរបស់រាជបណ្ឌិត្យសភា ធ្វើការជាមួយគ្នាទៅ ឯចំពោះការចេញ ដោយព្រះរាជក្រឹត្យដោយមានសំណើររបស់នាយករដ្ឋមន្ត្រី ចេញព្រះរាជក្រឹត្យ គឺសុំផ្អាកត្រឹមប៉ុណ្ណឹងសិន ប៉ុន្តែមិនមែនបិទនោះទេ គឺនឹងបើកឡើងវិញនៅថ្ងៃណាមួយ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញកង្វល់ថា ដោយបូករួមទាំងបេក្ខជនបណ្ឌិតរបស់រាជបណ្ឌិត្យសភាកម្ពុជា អាចជាប្រទេសដែលមានបណ្ឌិតច្រើនជាងគេលើពិភពលោក បើធៀបនឹងអត្រាប្រជាជន។ តើបណ្ឌិតកម្ពុជា មានសមត្ថកិច្ចភាពគ្រប់គ្រាន់ ក្នុងការធ្វើនិក្ខេបបទដល់បេក្ខជនបណ្ឌិត ឬទេ ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានបេក្ខជនបណ្ឌិតច្រើន ហើយត្រូវធ្វើឱ្យតឹងរ៉ឹង នៅពេលឡើងការពារនិក្ខេបទ។ នេះជាការចោទសួររបស់សម្តេចតេជោ ហ៊ុន សែន។
សម្តតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា៖ «សង្ឃឹមថាប្រទេសកម្ពុជា មិនមានបណ្ឌិតច្រើនហួស នេះបើថាចេញ៥៤៦នាក់ បូកនឹង១០៨នាក់ ដែលចេញទៅបានសេចក្តីថា ធ្វើឱ្យប្រទេសកម្ពុជាយើងសំបូរបណ្ឌិតច្រើនជាងគេ ប្រៀបធៀបជាមួយប្រជាជន អញ្ចឹងត្រូវរឹតបន្តឹង»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភា គឺជាស្ថាប័នស្រាវជ្រាវ ដូច្នេះ គួរតែធ្វើឱ្យច្បាស់ តើអ្វីដែលត្រូវចំណាយស្រាវជ្រាវ ហើយលទ្ធផលការស្រាវជ្រាវនេះ គួរតែយកជាធាតុចូលសម្រាប់កម្ពុជា។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះសមិទ្ធផល នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់រាជបណ្ឌិត្យសភា ដែលមានទាំងបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ចំពោះគុណតម្លៃនៃអគារថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា នឹងបានចូលរួមចំណែកបម្រើវិស័យអប់រំ និងការសិក្សាស្រាវដ៏សំខាន់សម្រាប់សង្គមជាតិយើង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតលើកពីគ្រាដែលសម្ដេចបញ្ចប់ថ្នាក់បណ្ឌិត ក្រោមការការពារនិក្ខេបបទ និងវាយតម្លៃយ៉ាងតឹងរឹងនោះ បានបង្គាប់ ទៅរាជបណ្ឌិត្យសភា ដើម្បីធានាឱ្យបានច្បាស់លាស់ នៅពេលការពារនិក្ខេបបទ ដោយប្រាប់ប្រធានរាជបណ្ឌិត្យសភា កុំធ្វេសប្រហែសឱ្យសោះត្រូវ ចាត់តាំងក្រុមប្រឹក្សាការពារមិនមែនការពារដោយត្រឹម២ ឬ៣នាក់ទេ។ ត្រូវពង្រឹងក្រុមប្រឹក្សាការពារ ហើយត្រូវ បោះឆ្នោតសម្ងាត់ ដើម្បីថាបេក្ខជនហ្នឹងជាប់ ឬមិនជាប់ គឺត្រូវពង្រឹងកន្លែងហ្នឹងវិញ។
និស្សិតបានបញ្ចប់ការសិក្សា នៅរាជបណ្ឌិត្យសភា ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩នេះ មានចំនួន ៤១៦នាក់ ក្នុងនោះ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៣០៨នាក់ និងថ្នាក់បណ្ឌិត ១០៨នាក់ ហើយបច្ចុប្បន្ននេះ ក៏មាននិស្សិត ៧៩៣នាក់ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២៤៧នាក់ និងថ្នាក់បណ្ឌិត ៥៤៦នាក់ នៅរាជបណ្ឌិត្យសភាផងដែរ។ សម្រាប់សម្ដេចតេជោ ហ៊ុន សែន តួលេខនិស្សិតសិក្សាថ្នាក់បណ្ឌិតច្រើននេះ វាជារឿងមួយល្អ ហើយប៉ុន្តែវាក៏ជាក្តីព្រួយបារម្ភទៅលើសមត្ថភាពបណ្ឌិតរបស់ពួកគេផងដែរ។
បច្ចុប្បន្ន ក្រុមប្រឹក្សាការពារនិក្ខេបទ នៅរាជបណ្ឌិត្យសភា មានចំនួន ៧នាក់ សម្រាប់ថ្នាក់បណ្ឌិត ហើយរាល់ពេលការពារនិក្ខេបទត្រូវអនុវត្ត៣ម៉ោង លើឯកទេសនីមួយៗ របស់បណ្ឌិត ហើយការការពារនិក្ខេបទនេះ មានចំនួន ៤ដង។ នេះបើតាមលោកបណ្ឌិត សុខ ទូច៕