(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចូលរួមអបសាទរវីរការិនី កែ ឡេង ក្រោយឈ្នះមេដាយមាសប៉េតង់ពិភពលោកលើកទី៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ កីឡាការិនី មកពីប្រទេសឡាវ។
ការទទួលមេដាយមាសលើកនេះទៀត គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសកម្ពុជា ដែលកីឡាការិនីរបស់ខ្លួន បានឈ្នះមេដាយមាស ៤លើកជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៣មក។
សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរ ក្រោយវីរកីឡាការិនី កែ ឡេង បានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ក្នុងលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសារវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
តាមរយៈ Facebook នារសៀលថ្ងៃនេះ ភ្លាមៗក្រោយបញ្ចប់ការប្រកួត, សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរយ៉ាងដូច្នេះថា៖ «នេះជាកិត្តិយស និងជាមោទនភាពជាតិ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ជាលើកទី៤ ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចកម្ពុជាឡើយ។ ចំពោះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមទស្សនា គាំទ្រ និងលើកតម្កើងវិស័យកីឡាជាតិរបស់យើង។
នេះគឺជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតសម្រាប់វីរកីឡាការិនី កែ ឡេង ដែលអាចដណ្ដើមបានមេដាយមាសពិភពលោក ៤ ជំនាន់ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណា អាចធ្វើបានដូចអ្នកស្រីឡើយ៕