(ប៊ូសាន, សាធារណរដ្ឋកូរ៉េ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើរដ្ឋាភិបាលសាធារណរដ្ឋកូរ៉ (កូរ៉េខាងត្បូង) បង្កើនចំនួនពលករចូលធ្វើការនៅសាធារណរដ្ឋកូរ៉េឱ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នផ្តល់បានប្រមាណ៦ពាន់នាក់ក្នុងមួយឆ្នាំ។
សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី កាង ឈៀង-វ៉ា រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលអមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមជំនួបពិភាក្សានេះ បានឱ្យ Fresh News ដឹងថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការងារជូនពលករខ្មែរ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ពលករខ្មែរដែលបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ មិនត្រឹមតែទទួលបានចំណូលខ្ពស់សម្រាប់ទ្រទ្រង់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមបានជួយឱ្យពួកគេមានជំនាញខ្ពស់សម្រាប់ប្រកបរបរនៅពេលត្រលប់ទៅកម្ពុជាវិញផងដែរ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមានការបង្កើនកូតាបន្ថែមទៀត។ ការបង្កើនកូតានេះ មិនត្រឹមតែជួយឱ្យពលរដ្ឋកម្ពុជាទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេ ប៉ុន្តែបានទាំងជំនាញថែមទៀត»។
លោកឯកអគ្គរាជទូត បានបន្ថែមថា លោកស្រី កាង ឈៀង-វ៉ា មិនទាន់មានការឆ្លើយតបបែបណានៅឡើយទេចំពោះសំណើនេះ។ ប៉ុន្តែលោកស្រី បានបង្ហាញការរីករាយនៅពេលសាធារណរដ្ឋកូរ៉េ បានរួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋខ្មែរបានប្រសើរតាមរយៈការងារនេះ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េមានលក្ខខណ្ឌការងារច្បាស់លាស់ និងមានការគាំពារខ្ពស់ដល់សិទ្ធិ សុខមាលភាពរបស់ពលករ។
លោកស្រីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ក៏បានអះអាងដែរថា ពលករកម្ពុជា ដែលបាននិងកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សាធារណរដ្ឋកូរ៉េផងដែរ។
សូមបញ្ជាក់ថា ការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ត្រូវបានចុះអនុស្សរណៈនៃការយោគយល់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Roh Moo-Hyun អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦។
គិតចាប់ពីឆ្នាំ២០០៧ រហូតមកត្រឹមឆ្នាំ២០១៩នេះ មានពលករសរុបចំនួន ៦៦,៥៦៥នាក់ បានបញ្ជូនមកបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានពលករជាមធ្យមចំនួន ៦,០០០នាក់ បានទទួលការងារពីសាធារណរដ្ឋកូរ៉េក្នុងមួយឆ្នាំៗ។
របាយការណ៍របស់ក្រសួងការងារបានអះអាងថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េធ្វើលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។ ពួកគេអាចទទួលបានប្រាក់ខែពី ១,៥០០ ទៅ ២,០០០ដុល្លារ និងមួយចំនួនទៀត ទទួលបានជាង ៣,០០០ដុល្លារក្នុងមួយខែ។
ក្នុងចំណោមពលករមកពីប្រទេសចំនួន១៦ ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ពលករកម្ពុជា ទទួលបានការសរសើរថា មានភាពអត់ធ្មត់នឹងការងារ ហើយក៏ទទួលបានការពេញចិត្តពីថៅកែផងដែរ៕