(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំគណៈប្រតិភូ ជួបសម្ដែងការគួរសម និងអរគុណចំពោះកងកម្លាំងការពារព្រំដែនចន្ទ័បូរី-ត្រាត ក៏ដូចជារាជរដ្ឋាភិបាលថៃ ដែលបានជួយទប់ស្កាត់ពួកឧទ្ទាមក្បត់ជាតិ សម រង្ស៊ី ដែលមានបំណងចង់មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និងបង្កឲ្យមានការច្របូកច្របល់ប៉ះពាល់ដល់សន្តិសុខសង្គម ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។
នៅក្នុងពិធីសំណេះសំណាល នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឯទីបញ្ជាការកងការពារ ចន្ទ បូរី-ត្រាត ប្រទេសថៃ មេទ័ពប្រទេសទាំងពីរ ក៏អរគុណដល់កងកម្លាំងជួរមុខគ្រប់បណ្ដាលអង្គភាពដែលបានខិតខំថការគ្នាយ៉ាងល្អការពារទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាផ្សេងៗបានល្អប្រសើរ។
ក្នុងនាមមេបញ្ជាការកងកម្លាំងការពារចន្ទ បូរី-ត្រាត លោកឧត្តមនាវីទោ រុនណាក់រ៉ុង សិទ្ធិណាន់ បានថ្លែងថា ក្នុងនាមប្រទេសជិតខាងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនជាប់គ្នា និងក្នុងនាមជាបងប្អូនគ្នាត្រូវរួមគ្នា ទប់ស្កាត់មិនឲ្យក្រុមអ្នកនយោបាយក្រៅច្បាប់មួយចំនួនតូចមកអុកឡុកសុខសន្តិភាពនៅប្រទេសកម្ពុជាឡើយ ព្រោះថាបើកម្ពុជាគ្មានសុខសន្តិភាព ថៃក៏គ្មានសុខសន្តិភាពដូចគ្នាដែរ ដូច្នេះប្រទេសថៃក៏មានតួនាទីការពារថែរក្សានូវសុខសន្តិភាពដើម្បីប្រជាពលរដ្ឋដែលរស់តាមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃទទួលបាននូវភាពសុខដុមរមនាជានិច្ចនិរន្តរ៍។
ក្រោយពីបញ្ចប់នៅជំនួបដ៏មានអត្ថន័យនេះ ភាគីថៃក៏បានរៀបចំទទួលនូវអាហារសាមគ្គីរួមគ្នា ជាមួយភាគីកម្ពុជា ប្រកបដោយភាពស្និតស្នាល ដោយដាក់ចំណងជើងថា អាហារសាមគ្គីគ្នា ដែលបង្ហាញឲ្យឃើញអំពីភាពស្និទ្ធស្នាលរវាងមិត្តភាពកម្ពុជា-ថៃ ស្មើនឹងបងប្អូនគ្នា ដែលមិនអាចឱ្យមានក្រុមពួកឧទ្ទាមក្រៅច្បាប់ឬអ្នកនយោបាយណាមួយមកបំបែកបំបាក់នៅមិត្តភាពបងប្អូនគ្នានេះឡើយ៕