(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៏ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូល មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១។
ក្នុងនាមរាជដ្ឋាភិបាលកម្ពុជា ហត្ថលេខីលើកិច្ចព្រមព្រៀង គឺឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ហត្ថលេខីលើកិច្ចព្រមព្រៀង គឺលោកស្រី កាង ឃ្យុងវ៉ា រដ្ឋមន្ត្រីក្រសួងការបរទេស។
អគ្គនាយកដ្ឋានពន្ធដារបានចាត់ទុកថា កិច្ចព្រមព្រៀងនេះ ជាសម្ធិផលថ្មីមួយទៀត ក្នុងចំណោមសម្ធិផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបាន។
អគ្គនាយកដ្ឋានពន្ធដារបន្ថែមថា តាមរយៈការចុះហត្ថលេខាជាមួយកម្ពុជា-កូរ៉េបានបញ្ចប់ជាស្ថាពរលើការចុះហត្ថលេខា ជាមួយប្រទេសមេ-គង្គ ទាំង ០៥ (កម្ពុជា, ឡាវ,មីយ៉ាន់ម៉ា, ថៃ, និងវៀតណាម)។
អគ្គនាយកដ្ឋានពន្ធបញ្ជាក់ទៀតថា «នេះគឺជាកិច្ចព្រមព្រៀងទី៩ ដែលកម្ពុជាបានចុះហត្ថលេខា បន្ទាប់ពីការចុះហត្ថលេខាជាមួយសាធារណរដ្ឋសិង្ហបុរី, ព្រុយណេដារូសាឡឹម, សាធារណរដ្ឋប្រជាមានិតចិន, ព្រះរាជាណាចក្រថៃ, សាធារណរដ្ឋសង្គមនិយមរៀតណាម, សាធារណរដ្ឋឥណ្ឌូណេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុងរបស់សាធារណរដ្ឋប្រជាមានិតចិន, និងម៉ាឡេស៊ី»៕