(ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) កម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ បានធ្វើជាម្ចាស់ផ្ទះ នៃក្រុមប្រជុំក្រុមប្រឹក្សាលើកទី២៦ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ ដែលបានប្រព្រឹត្តិទៅនាថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នារាជធានីភ្នំពេញ។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំខាងលើ ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC រួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម តំណាងប្រទេសដៃគូអភិវឌ្ឍន៍ តំណាងប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) តំណាងនៃអង្គការតំបន់និងអន្តរជាតិ និងមន្រ្តីលេខាធិការដ្ឋានMRC សរុប ចំនួន ១០០ រូប។
កិច្ចប្រជុំ នឹងពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងនិងផែនការយុទ្ធសាស្រ្តរបស់ MRC ឆ្នាំ២០១៦-២០២០ និងការរៀបចំបន្តសម្រាប់ដំណាក់កាលបន្ទាប់, កិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធីស្តីពីការគ្រប់គ្រងការប្រើប្រាស់ទឹក, ការតាមដានត្រួតពិនិត្យទន្លេ និងកិច្ចការសំខាន់មួយចំនួនទៀត ។ កិច្ចប្រជុំ ក៏នឹងពិនិត្យ អនុម័តផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និងយុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥។
ក្នុងសុន្ទរកថាថ្លែងបើកកិច្ចប្រជុំ, លោក លឹម គានហោ តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងក្នុងនាមប្រធានក្រុមប្រឹក្សា MRC បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលដែល MRC សម្រេចបានក្នុងឆ្នាំ២០១៩ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវផែនការការងាររបស់ខ្លួនដែលបានដាក់ចេញ ក្រោមការសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់លេខាធិការដ្ឋាន MRC និងដោយមានកិច្ចខិតខំប្រឹងប្រែងរួម ការប្តេជ្ញាចិត្តក្នុងចំណោម ប្រទេសជាសមាជិក, ការគាំទ្រ ក៏ដូចជាភាពជាដៃគូយ៉ាងល្អពី និងជាមួយភាគីពាក់ព័ន្ធ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
លោករដ្ឋមន្រ្តី ក៏បានលើកឡើងនូវបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ជាពិសេស គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យលំហូរទឹកទន្លេមេគង្គក្នុងឆ្នាំ២០១៩ មានកម្រិតទាបបំផុតដែលមិនធ្លាប់ជួបប្រទះ នាពេលកន្លងមក។ ក្នុងបរិបទនេះ លោករដ្ឋមន្រ្តី បានសំដែងក្តីសង្ឃឹមថា យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥ បានអនុម័តនាពេលនេះ នឹងជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានីភ័យគ្រោះទឹកជំនន់ដែលនឹងកើតមាន ឲ្យមានប្រសិទ្ធភាព។
ក្នុងនាមប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩, លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានជួយធ្វើឲ្យMRC សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរហូតមកដល់ពេលនេះ ក្នុងកិច្ចប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា MRC បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឆ្នាំ២០២១-២០២៥ ក្នុងគោលបំណងដើម្បីរួមចំណែក និងសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍ក្រុងសៀមរាបដែលប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម បានអនុម័តក្នុងកិច្ចប្រជុំកំពូល MRC លើកទី៣ ក្នុងខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
រដ្ឋមន្រ្តី បានស្នើដៃគូ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រ និងសហការក្នុងដំណើរការឆ្ពោះទៅគោលដៅនេះ ឲ្យទទួលបានជោគជ័យ។
សូមជម្រាបថា នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២៦, ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩, រដ្ឋមន្រ្តី ក៏បានអនុញ្ញាតឲ្យឯកឧត្តម Jean Bernard Carrasco ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំប្រទេសឡាវ និងបច្ចុប្បន្នជាប្រធានក្រុមប្រទេសដៃគូអភិវឌ្ឍក្នុងក្របខ័ណ្ឌ MRC បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួប ភាគីទាំងពីរ បានពិភាក្សាអំពីវឌ្ឍនភាពការងារ, បញ្ហាប្រឈម តម្រូវការ និងអាទិភាព របស់ MRC ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MRC និងដៃគូអភិវឌ្ឍន៍ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ៕