(ប៊ូសាន, សាធារណរដ្ឋកូរ៉េ)៖ កិច្ចប្រជុំកំពូលជាលើកដំបូងនៃប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ឬហៅថាកូរ៉េខាងត្បូងនោះ បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលសន្និសីទ Nurimaru APEC House នៅមាត់សមុទ្រ ក្នុងទីក្រុងប៊ូសាន ចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
កិច្ចប្រជុំកំពូលជាលើកដំបូងរវាងតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ធ្វើឡើងក្រោមប្រធានបទ «ផ្លូវទៅកាន់ទន្លេមេគង្គ»។ លោកប្រធានាធិបតី មូន ជេអ៉ីន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់របស់មេដឹកនាំប្រទេសតំបន់មេគង្គរួមមាន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កិច្ចសហប្រតិបត្តិការរវាងប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១១ ហើយតែងតែមានកិច្ចប្រជុំជាមួយគ្នាជាទៀងទាត់ផងដែរ។ តែកិច្ចប្រជុំនោះធ្វើឡើងត្រឹមកម្រិតរដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ ដែលជាហេតុនាំឱ្យមើលឃើញថា កិច្ចពិភាក្សា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៅមានកម្រិត និងមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្តួចផ្តើមគំនិត និងស្នើឱ្យមានការបង្កើនកម្រិតកិច្ចប្រជុំរវាងប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ពីកម្រិតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទៅជាកិច្ចប្រជុំកម្រិតកំពូល ដូចគ្នាទៅនឹងចិន និងជប៉ុនផងដែរ។
លោក មូន ជេអ៉ីន ក្នុងពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកនេះ បើទោះបីមិនមានវត្តមានសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក៏ដោយនោះ តែលោកបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមឱ្យមានកិច្ចប្រជុំកំពូលនេះឡើង។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី មូន បានលើកឡើងថា ប្រសិនបើបទពិសោធន៍នៃការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានផ្សំជាមួយសក្ដានុពល នៃតំបន់មេគង្គនោះ អព្ភូតហេតុនៅលើដងទន្លេហាននឹងនាំទៅរកអព្ភូតហេតុនៃទន្លេមេគង្គ។
លោកបានគូសបញ្ជាក់ថា «កូរ៉េខាងត្បូងនឹងនៅជាមួយមេគង្គដោយជឿជាក់ថា ការអភិវឌ្ឍមេគង្គ ក៏ជាការអភិវឌ្ឍរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ»។
លោកមូន បានលើកឡើងដែរថា ប្រទេសតាមដងទន្លេងមេគង្គ បានក្លាយជាទឹកដីពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ ហើយកូរ៉េខាងត្បូង បានក្លាយជា «មិត្តពិសេស» របស់មេគង្គ ព្រោះតំបន់នេះបានបង្កើតទំនាក់ទំនងប្រកបដោយវិបុលភាពជាមួយអាស៊ានក្នុងការត្រៀមរៀបចំសម្រាប់យុគសម័យអាស៊ី-ប៉ាស៊ីហ្វិក។
ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងប្រទេសតាមដងទន្លេមេគង្គទាំង៥ មានចំនួនសរុប ៨៤.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើង ២.៤ ដងក្នុងរយៈពេល៨ឆ្នាំ ក្រោយមានកិច្ចសហប្រតិបត្តិការវាងកូរ៉េខាងត្បូង និងប្រទេសតាមដងទន្លេមេគង្គ។
លោកប្រធានាធិបតីបានកត់សម្គាល់ថា ប្រទេសតាមដងទន្លេមេគង្គ បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កូរ៉េខាងត្បូង ក្នុងនោះជំនួយអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងប្រមាណ ២០ភាគរយ ត្រូវបានផ្តល់សម្រាប់ប្រទេសតាមដងទន្លេមេគង្គទាំង៥នេះ៕