(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន៦៧.១លានអឺរ៉ូ (ប្រមាណជា៧៤លានដុល្លារអាមេរិក)។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងទាំង២ មានដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៨។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ ២០១៨នេះ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទាន លើគម្រោងប្រសិទ្ធិភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។
ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ គឺឥណទានសម្បទានទី១ ដែលភាគីអាល្លឺម៉ង់ហៅថា «Reduced Interest Loan» នឹងត្រូវបានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍ អាល្លឺម៉ង់ (KfW)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយទៀត ដើម្បីទទួលបានឥណទាន មកប្រើប្រាស់សម្រាប់អនុវត្តគម្រោងប្រសិទ្ធិភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។
២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៩។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ ២០១៩នេះ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា និងហិរញ្ញប្បទាន ឥតសំណងចំនួន៥.១លានអឺរ៉ូ សម្រាប់គាំទ្រការធ្វើហិរញ្ញប្បទាន លើគម្រោងជាក់លាក់មួយចំនួនទៀត។
ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ ជាឥណទានសម្បទានទី២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ដែលនឹងត្រូវបានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយទៀត ដើម្បីទទួលបានឥណទានមកប្រើប្រាស់សម្រាប់អនុវត្តគម្រោងជាក់ស្តែង។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា នឹងត្រូវបានធ្វើសហហិរញ្ញប្បទាន ជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងសហគមន៍អឺរ៉ុបតាម រយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/AIF)។
ថ្លែងក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង (ប្រទេសបារាំង បានចាប់ផ្តើមផ្តល់ឥណទានសម្បទានទី១ របស់ខ្លួនដល់កម្ពុជា នៅឆ្នាំ ២០១៣) ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការគាំទ្រដល់ គោលនយោបាយអភិវឌ្ឍន៍ និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្ដថា ការបើកទ្វារឥណទានពីដៃគូទ្វេភាគីថ្មីៗបន្ថែមទៀត ជាពិសេស ពីប្រទេសមានការអភិវឌ្ឍខ្ពស់នៃទ្វីបអឺរ៉ុប ដូចជា សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងសាធារណរដ្ឋបារាំង បានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ថា ដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាកំពុងដើរនៅលើផ្លូវត្រូវ លើយុទ្ធសាស្រ្ត និងគោលនយោបាយគ្រប់គ្រងបំណុលសាធារណៈរបស់ខ្លួន ប្រកបដោយភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រាន់ និងរឹងមាំ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ ជាមិត្តភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយភាគីមិត្តប្រកាន់ខ្ជាប់នូវគោលនយោបាយ ផ្តល់ឥណទានសម្បទានរបស់ខ្លួន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញឲ្យឃើញនូវការជឿទុកចិត្ត និងការវាយតម្លៃខ្ពស់របស់ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង ឯកសារយុទ្ធសាស្រ្តស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម គឺឆ្លើយតបទៅនឹងវិស័យអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាល គឺ មនុស្ស, ផ្លូវ, ភ្លើង និងទឹក ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប៉ិនប្រសប់ប្រកបដោយចក្ខុវិស័យ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕