(ភ្នំពេញ)៖ មិនថាក្នុងកម្រិតណានោះទេ អ្វីដែលជាការចំណាយទាំងអស់របស់រាជរដ្ឋាភិបាល គឺសុទ្ធតែផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ទាំងប្រយោជន៍ផ្ទាល់ និងប្រយោជន៍ដោយប្រយោល។ នេះជាការលើកឡើងរបស់លោក ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ហាវ រតនៈ បានពន្យល់ថា ការបែងចែកភាគលាភ ទៅកាន់ប្រជាពលរដ្ឋត្រូវបានធ្វើឡើងយ៉ាងប្រាកដប្រជា ដើម្បីធ្វើយ៉ាងណាឲ្យផលប្រយោជន៍ទាំងអស់នោះ ធ្លាក់ទៅលើដៃប្រជាពលរដ្ឋវិញ។
លោកអះអាងថា យន្ដការសារពើពន្ធ ក៏ជាផលប្រយោជន៍សំខាន់មួយ ដល់ប្រជាពលរដ្ឋ តាមរយៈការមិនបង់ពន្ធលើទោចក្រយានយន្ដ និងត្រីចក្រជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានទម្លាក់ថវិកាជាតិយ៉ាងច្រើន ទៅលើវិស័យសង្គមកិច្ច តាមរយៈក្រសួងអប់រំ, ក្រសួងសុខាភិបាល និងក្រសួងការងារ ដែលការចំណាយសរុបកើនឡើង១.៨ដង (ឆ្នាំ២០១៩ ធៀបឆ្នាំ២០១៣)។
ដោយឡែកសម្រាប់ការចំណាយវិនិយោគសាធារណៈវិញ ក្នុងនោះជាង៨០ភាគរយ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកជាដើម។
លោក ហាវ រតនៈ បានបញ្ជាក់យ៉ា់ងដូច្នេះថា «រាល់ការចំណាយលើក្រសួង វិស័យទាំងអស់ សុទ្ធតែមានផលដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស»។
ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានគូសរំលេចថា ចំណូលចរន្ដរបស់រដ្ឋ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ មានការកើនឡើងជិត២.៤ដង ពី២,២៦៤លានដុល្លារអាមេរិក មកដល់៥,៣៨៥លានដុល្លារអាមេរិក។ ចំពោះចំណូលនេះ ក៏ផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាល អាចតម្លើងប្រាក់បៀវត្សន៍ជូនមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម។ ជាមួយគ្នានេះ ប្រាក់ឈ្នូលអប្បបរមារបស់កម្មករ និយោជិត ក៏មានការកើនឡើងជាបន្ដបន្ទាប់ផងដែរ៕