(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តប្រកាសលុបចោលកម្មវិធីមួយចំនួនទៀត សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីនៅថែទាំម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា៖ «ស្ថិតក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេកខ្ញុំ, ខ្ញុំបន្តលុបចោលការចូលរួម កម្មវិធីមួយចំនួន សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដោយប្រគល់ជូនឧបនាយករដ្ឋមន្រ្តីមួយចំនួន ចូលរួមជំនួសព្រោះកម្មវិធីនេះ មិនអាចលើកពេលរង់ចាំវត្តមានរបស់ខ្ញុំបានឡើយ»។
សម្តេចមានប្រសាសន៍បន្តថា សប្តាហ៍ក្រោយសម្តេចត្រៀមទទួលអគ្គរដ្ឋទូតបរទេសពីររូប គឺអភិបាលក្រុងប៉ារីសមួយរូប និងអគ្គលេខាធិការនៃសមាគមប្រទេសនិយាយភាសាបារាំងមួយរូបប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា បើទោះជាសម្តេចមិនបានបង្ហាញមុខជាសាធារណៈ នៅក្នុងការប្រជុំទាំងនៅក្រៅប្រទេស និងកម្មវិធីនានានៅក្នុងប្រទេសក៏ដោយ ក៏សម្តេចនៅតែបន្តដោះស្រាយការងារជាការពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខានឡើយ បើទោះបីសម្តេចអត់ងងុយ និងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា «ខ្ញុំនឹងបន្តការតាមដានមើលថែទាំម្តាយក្មេកខ្ញុំតទៅទៀត ព្រោះពុំមានពេលផ្សេងទៀត ដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិ នឹងយោគយល់ដល់ការលំបាករបស់ខ្ញុំ និងយល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៏លំបាកនេះ។ ខ្ញុំមិនទុកឱ្យម្តាយក្មេកខ្ញុំចាកចោលខ្ញុំ ដោយមិនបានលានោះឡើយ។
សម្តេចក៏សូមអរគុណឧបនាយករដ្ឋមន្ត្រីនានា ដែលបានធ្វើជាតំណាងសម្តេច ទៅចូលរួមក្នុងការប្រជុំទាំងក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រកាសលុបចោលដំណើរទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់៕