(សៀមរាប)៖ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក នៅខេត្តសៀមរាប អង្គសន្និសីទមេគង្គ-ឡានឆាងស្តីពីការបកស្រាយបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ ដែលមានការចូលរួមពីគណៈប្រតិភូជាង១៥០នាក់ បានជំរុញឱ្យប្រទេសជាសមាជិកទាំង៦ ត្រូវសិក្សាត្រូវបង្កើតខ្សែទស្សនកិច្ចទេសចរណ៍វប្បធម៌ និងធម្មជាតិជាមួយគ្នាឱ្យបានច្រើន។
នាឱកាសនៃសន្និសីទខាងលើ គណៈប្រតិភូមេគង្គ-ឡានឆាងបានចែករំលែកបទពិសោធន៍ល្អៗលើការអភិវឌ្ឍ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ ហើយបានឯកភាពគ្នាលើដំណើរឆ្ពោះទៅមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តការទេសចរណ៍រួមគ្នា។
ដើម្បីចូលរួមអបអរសាទរសន្និសីទខាងលើនេះដែរ ក្រសួងទេសចរណ៍កម្ពុជាបានទទួលក្បួនរថយន្ត Caravan Tours ពីប្រទេសចិន ដែលឆ្លងកាត់ប្រទេសឡាវមកកម្ពុជា សម្រាប់អបអរសាទរកិច្ចសហប្រតិបត្តិការទេសចរណ៍តំបន់មេគង្គ-ឡានឆាង ជាពិសេសបង្ហាញពីការសម្រួលការធ្វើដំណើរផ្លូវគោក តាមប្រទេសជាសមាជិកមេគង្គ-ឡានឆាង។
លទ្ធផលចម្បងៗរបស់អង្គសន្និសីទ មានដូចតទៅ៖
* ទី១៖ អង្គសន្និសីទបានរំលេចតួនាទីកាន់តែសំខាន់នៃទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ ដែលជាទម្រង់ការនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ បណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង។
អង្គសន្និសីទបានផ្តោតលើភាពចាំបាច់ចំពោះមុខក្នុងការពង្រឹង ការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងប្រទេសសមាជិកលើការអភិវឌ្ឍទេសចរណ៍ ជាពិសេសការពង្រឹងសមត្ថភាពធនធានមនុស្ស សំដៅពង្រឹងការយល់ដឹង និងការបកស្រាយអំពីវប្បធម៌ និងធម្មជាតិ តាមបណ្តាប្រទេសមេគង្គ-ឡានឆាង។
* ទី២៖ អង្គសន្និសីទបានស្នើឱ្យមានការសិក្សាស្រាវជ្រាវបន្ថែម ចងក្រងឯកសារ ជំរុញឲ្យមានការតភ្ជាប់គ្នារវាងភាពល្អឯកនៃប្រទេសមួយទៅប្រទេសមួយទៀត សំដៅលើកកម្ពស់ពហុវប្បធម៌ និងមោទនភាពជាតិ តាមបណ្តាប្រទេសមេគង្គ-ឡានឆាង។
ក្នុងន័យនេះ អង្គសន្និសីទបានស្នើឲ្យប្រទេសជាសមាជិកសិក្សាលទ្ធភាពបង្កើតខ្សែទស្សនកិច្ចទេសចរណ៍វប្បធម៌ និងធម្មជាតិរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង (Mekong-Lancang Natural and Cultural Routes)។
* ទី៣៖ អង្គសន្និសីទក៏បានសំណូមពរឲ្យមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ប្រតិបត្តិករទេសចរណ៍ផ្សេងៗបន្ថែមទៀត សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងតំបន់។
លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា តាមរយៈវិស័យទេសចរណ៍ ដែលជាវិស័យចលករនៃការជំរុញចំណងមិត្តភាព ការតភ្ជាប់គ្នារវាងប្រជាជាតិ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ច ប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង កាន់តែខិតជិតគ្នាបន្ថែមទៀត ស្របតាមចក្ខុវិស័យសហគមន៍អនាគតតែមួយ រួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព (Community of Shared Future of Peace and Prosperity)។
លោករដ្ឋលេខាធិការបានរំលឹកថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយស្ថានទូតចិននៅកម្ពុជា រៀបចំការសម្តែងសិល្បៈរួមគ្នា សំដៅពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕