(ព្រះវិហារ)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អគារសិក្សាជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
លោកទេរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ជូនថា ក្រោយការចុះពិនិត្យផ្ទាល់ជាក់ស្តែង និងរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចមក លោកទាំង២ក៏សម្រេចផ្តល់ជូននូវ អគារមួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការមួយ និងក្លោងទ្វាររបងផងដែរ។
នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ហើយសាងសង់អគារសិក្សាជាបន្ទាន់ជូនពួកគេ។
បទបញ្ជា និងការផ្ដល់អគារសិក្សារបស់ប្រមុខនៃរាជរដ្ឋាភិបាល ខាងលើនេះ បានកើតឡើងភ្លាមក្រោយពីមានព័ត៌មាន និងរូបភាពសិស្សានុសិស្សមួយក្រុម នៃសាលាបឋមសិក្សាអូរជុញក្រាល កំរាលតង់រៀនក្រោមដើមឈើ ក៏ដោយសារពួកគេខ្វះបន្ទប់សិក្សា ហើយរូបភាពទាំងនេះត្រូវបានគេបង្ហោះ និងចែករំលែកនៅតាមបណ្ដាញសង្គម Facebook។
ក្រោយទទួលបទបញ្ជាភ្លាម លោកទេសរដ្ឋមន្ត្រី គន់ គីម រួមជាមួយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែង នៅក្នុងបរិវេណសាលាបឋមសិក្សាអូរជុញ។
បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម ក្រោយសួរនាំបានបង្ហាញថា សាលាមានសិស្សសរុប ៤២៥នាក់ ក្នុងនោះសិស្សស្រី ២២៦នាក់, គ្រូ ១៤នាក់ ក្នុងនោះគ្រូមានក្របខ័ណ្ឌ ៧នាក់ គ្រូជាប់កិច្ចសន្យា ៧នាក់ ហើយមានអគារឈើ ២ខ្នង ៥បន្ទប់។
លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអូរជុញ ក្រោយទទួលបានព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជាអគារសិក្សាថ្មីបន្ថែមនោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យមើលភ្លាមៗតែម្ដង។
លោកគ្រូ អ្នកគ្រូ បានបន្ថែមទៀតថា សកម្មភាពនៃការចេញមកបង្រៀននៅក្រៅនេះ គឺធ្វើឡើងទើបតែ ២ថ្ងៃប៉ុណ្ណោះ ហើយការថតបង្ហោះចែកចាយ នៅក្នុងបណ្ដាញសង្គម Facebook នេះមិនមែនចេតនានយោបាយអ្វីនោះឡើយ ពោលគ្រាន់តែចង់ឲ្យឆាប់ដឹងលឺដល់ថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីឆាប់បានទទួលអំណោយអគារសិក្សាតែប៉ុណ្ណោះ។
សម្រាប់វិស័យអប់រំនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ប្រមុខនៃរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុត រហូតបានទាញយកចំណុចធនធានមនុស្សជាអាទិភាពទី១វិញ ក្នុងចំណោមអាទិភាពទាំង៤ ដែលសម្ដេចដាក់ចេញកសាង និងអភិវឌ្ឍន៍ប្រទេសក្រោយចប់សង្គ្រាម គឺ ទឹក ផ្លូវ ភ្លើង មនុស្ស៕