(ភ្នំពេញ)៖ សកម្មជនរបស់ក្រុមទណ្ឌិត សម រង្ស៉ី ល្បីមួយរូបគឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានវាយប្រហារឆ្លើយតបប្រតិកម្មធ្ងន់ៗទៅកាន់កញ្ញា កឹម មនោវិទ្យា កូនស្រីសំណព្វរបស់លោក កឹម សុខា ដោយអះអាងថា កញ្ញា កឹម មនោវិទ្យា ជាកូនកតញ្ញូរបស់ កឹម សុខា ប៉ុន្តែកញ្ញាមិនមែនជាកូនកតញ្ញូសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ ព្រមទាំងសង្កត់ធ្ងន់ថា កញ្ញាមិនដែលលើកតម្លៃអតីតសកម្មជនដែលគ្នាខិតខំក្រាញននៀល ទាមទារឲ្យគេដោះលែងឪពុកនាងទាំងដែលគ្មានរូបនាងចូលរួម។
ការប្រតិកម្មឆ្លើយតបធ្ងន់ៗរបស់កញ្ញា ស៊ិន រ៉ូហ្ស៊េត បានធ្វើឡើងបន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បានរិះគន់ចំៗទៅលើក្រុមលាបពណ៌ សម រង្ស៉ី លើកឡើងថា ក្រុម សម រង្ស៉ី និយម បាននឹងកំពុងប្រើយុទ្ធនាការលាបពណ៌ ខិតខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខា ថា ជាអាយ៉ងបក្សកាន់អំណាច ដោយភ័យជ្រួលច្របល់ខ្លាច លោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
នៅថ្ងៃព្រឹកទី០៤ ខែកញ្ញា ឆ្នាំ២០១៩ កញ្ញា កឹម មនោវិទ្យា បានលើកឡើងតាមរយៈ Facebook ផ្លូវការរបស់កញ្ញាថា «យុទ្ធនាការលាបពណ៌ក្រុម លោក សម រង្សី បាននឹងកំពុងខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខា ថាជាអាយ៉ងបក្សកាន់អំណាច ដោយភ័យជ្រួលច្របល់ខ្លាច លោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ ទាំងអស់នេះសុទ្ធតែជានយោបាយដ៏គម្រក់ ដែលត្រូវតែប្តូរឲ្យបានជាដាច់ខាតពីកម្ពុជា។ ក្នុងនាមកូនស្រីឈាមខ្មែរមួយរូប ខ្ញុំនឹងតស៊ូបំបាត់វប្បធម៌នេះឲ្យបានក្នុងរូបភាពណាក៏ដោយ»។
នៅថ្ងៃទី០៤ ខែធ្នូ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលជាក្រុម សម រង្ស៉ី និយម បានប្រតិកម្មធ្ងន់ៗដោយផ្ញើសារជូនកញ្ញា កឹម មនោវិទ្យា ជាមួយខ្លឹមសារទាំងស្រុង៖
ជូនកញ្ញា កឹម មនោវិទ្យា
នាងខ្ញុំបានអានរួចហើយនូវសំណេររបស់កញ្ញា។
តាមរយៈសំណេររបស់កញ្ញា កញ្ញាពិតជាកូនកតញ្ញូរបស់ឪពុករបស់កញ្ញាពិតមែន។ ប៉ុន្តែវាមិនមែនបានន័យថា កញ្ញាជាកូនកតញ្ញូសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ។
ព្រោះរាល់អ្វីៗដែលកញ្ញាលើកឡើង គឺកញ្ញាមិនដែលលើកតម្លៃអតីតសកម្មជនដែលគ្នាខិតខំក្រាញននៀល ពលរដ្ឋដែលគ្នាខិតខំគាំទ្រគណបក្ស និងអ្នកគាំទ្រនៅក្រៅប្រទេសដែលគ្នាខិតខំដើរពីរដ្ឋមួយទៅរដ្ឋមួយទាមទារឲ្យគេដោះលែងឪពុកនាងទាំងដែលភាគច្រើនបំផុតគ្មានរូបនាងចូលរួមផង។
កញ្ញា កឹម មនោវិទ្យា នាងតែងតែនិយាយក្តែងៗថា ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ រាល់ពេលដែលនាងរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួន ហើយបែរជានិយាយថាជាការលាបពណ៌នៅពេលដែលអ្នកគាំទ្រសរសេររិះគន់នាង ខ្ញុំមិនដឹងនេះជាការនិយាយស្តង់ដារពីរឬក៏អត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែយល់ថា នាងនិយាយក្នុងនាមការពារខ្លួននាងប៉ុណ្ណោះ (រិះគន់គេថាវាជាប្រជាធិបតេយ្យ គេរិះគន់វិញថាវាជាការលាបពណ៌)។
គេធ្លាប់សរសើរនាងនៅពេលនាងត្រូវគេស្គាល់ដំបូង តើនាងមានដឹងទេរឿងហ្នឹង។ ចុះឥឡូវតើនាងមានកត់សម្គាល់ខ្លួនឯងដែរឬទេថា គេចូលចិត្តនាងកម្រិតណា។ ខ្ញុំដឹងថានាងប្រាកដជាដឹង។ ការទទួលបានការគាំទ្រពីអ្នកគាំទ្រដែលជាពលរដ្ឋគឺសំខាន់ខ្លាំងណាស់។ ក្នុងនាមនាងជាអ្នកនយោបាយជំនាន់ក្រោយ នាងគួរតែយល់។
ខ្ញុំដឹងនាងធ្លាប់រស់នៅស្រណុកសុខស្រួល មានឱកាសទទួលបានការសិក្សាខ្ពង់ខ្ពស់ និងមានលក្ខណៈអំណោយផលតាមរយៈកេរ្តិ៍ឈ្មោះឪពុក ធ្វើឲ្យនាងមិនសូវយល់តម្លៃពីភាពលំបាកវេទនា និងការក្រាញននៀលតស៊ូរបស់អ្នកនៅថ្នាក់ក្រោមឡើយ។
និយាយមួយបែបទៀត ទោះជានាងមានការសិក្សាខ្ពស់ ក៏វាមិនបានឆ្លុះបញ្ចាំងពីតម្លៃរបស់នាងដែរ។ ហើយភាពជាអ្នកដឹកនាំទៀតសោត ក៏មិនមែនទទួលបានពីការសិក្សាខ្ពស់អីដែរ។ ភាពជាអ្នកដឹកនាំកើតពីការសន្សំបន្តិចម្តងៗ។ ប៉ុន្តែផ្ទុយទៅវិញ នាងបែរជាធ្វើឲ្យវាបាត់បង់ម្តងបន្តិចៗទៅវិញ។ នេះហើយដែលខ្ញុំនិយាយថា នាងមិនយល់ពីការលំបាកដែលធ្វើឲ្យនាងទទួលបានក៏ងាយ បាត់បង់ក៏ងាយដែរ។ អនាគតរបស់នាងគឺអាស្រ័យលើនាង បើសិនជានាងចង់ឲ្យទទួលបានការគាំទ្រឡើងវិញ នាងគួរតែកែប្រែទៅលើអ្វីដែលគេរិះគន់យកមកគិត ហើយរៀបចំសាជាថ្មី។
ខ្ញុំសង្ឃឹមថានាងនឹងបានអានជាពុំខាន។
ពីខ្ញុំ៖ ស៊ិន ចាន់ពៅរ៉ូហ្ស៊េត