(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
ក្រោមមូលបទ «អាស៊ី និងអឺរ៉ុប រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព» កិច្ចប្រជុំ ASEM FMM14 នឹងពិភាក្សារិះរកមធ្យោបាយ ដើម្បីធ្វើឲ្យប្រព័ន្ធពហុភាគីនិយមដំណើរការឡើងវិញ និងដើម្បីកសាងការតភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ទ្វីបទាំងពីរ គឺ អាស៊ី និងអឺរ៉ុប។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ ASEM FMM14 ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយខ្លឹមសារ ដោយផ្តោតជាសំខាន់ទៅលើបញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្រ្តីនៅក្នុងសន្តិភាពនិងសន្តិសុខ ជាពិសេសនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN PKO)។ លោកក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ ដែលត្រូវបានរៀបចំឡើងក្នុងលក្ខណៈ ប្រជុំចង្អៀត ដែលក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា នឹងថ្លែងសុន្ទរកថាអំពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
ក្រសួងការបរទេសកម្ពុជា បានបន្ថែមថា ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបជូនកិច្ចប្រជុំអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងឆ្នាំ២០២០ (13th ASEM Summit 2020)។ ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួននៃប្រទេសជាសមាជិក ASEM ផងដែរ។
កិច្ចប្រជុំ ASEM គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ដោយផ្តោតលើសសរស្តម្ភបី គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កម្ពុជា បានក្លាយជាសមាជិក ASEM នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០០៤។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដែលនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយថែមទៀតសម្រាប់កម្ពុជា ហើយក៏ជាការបង្ហាញពីតួនាទីដ៏សកម្ម និងប្រកបដោយការស្ថាបនានៅក្នុងក្របខ័ណ្ឌ ASEM ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា៖