(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់នៅកម្ពុជា សូមមេត្តាកុំទម្លាក់តម្លៃស្រូវ របស់ប្រជាពលរដ្ឋ ពិសសក្នុងរដូវដែលប្រជាពលដ្ឋ កំពុងច្រូតកាត់ប្រមូលផលនេះ។
ការលើកឡើងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
សម្ដេចតេជោនាយករដ្ឋមន្រ្ដី មានប្រសាសន៍ឲ្យដឹងថា «សូមយកឱកាសនេះអំពាវនាវ ដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដែលទទួលទិញស្រូវពីប្រជាពលរដ្ឋ មេត្តាកុំទម្លាក់ថ្លៃរបស់ប្រជាជន ក្នុងពេលដែលកំពុងច្រូតកាត់។ យើងយល់ហើយអំពីក្រឹត្យក្រម នៃសេដ្ឋកិច្ចដែលពេលមានតម្រូវការច្រើន ការផ្គត់ផ្គង់តិចនោះនឹងមានការឡើងថ្លៃ មានតម្រូវការតិច តែមានការផ្គត់ផ្គង់ច្រើននឹងមានការចុះថ្លៃ ក៏ប៉ុន្ដែខ្ញុំសូមអំពាវនាវ ចំពោះម៉ាស៊ីនកិនស្រូវកន្លែងស្ដុកស្រូវ ដែលទទួលទិញពីកសិករ សូមកុំបង្អាប់ថ្លៃស្រូវ របស់ប្រជាជន»។
សម្ដេចតេជោបានថ្លែងបន្ដថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន៥០លានដុល្លារ ដើម្បីជួយឲ្យម៉ាស៊ីនកិនស្រូវ ហើយសម្តេចបានជំរុញឲ្យក្រសួងស្ថាប័នរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ត្រូវពិនិត្យមើលបញ្ហាការធ្លាក់ចុះនៃតម្លៃស្រូវ ឲ្យបានឆាប់ ព្រោះស្រូវរបស់កសិករកំពុងមានចំនួនច្រើន ធ្វើយ៉ាងណាសម្រួលឲ្យបណ្ដាម៉ាស៊ីនកិនស្រូវ ទទួលការទិញស្រូវដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃជ្រុលហួស ដែលធ្វើឲ្យ ប្រជាកសិករជួបប្រទះការលំបាក។
សម្ដេចបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលយល់ពីបញ្ហាទីផ្សារ ព្រោះមិនមែនមានតែកម្ពុជាមួយទេដែលផលិតស្រូវ ប្រទេសវៀតណាម, ប្រទេសថៃ និងមីយ៉ាន់ម៉ា មានការផលិតធំជាងកម្ពុជា ខណៈនៅឆ្នាំនេះទិន្និផលស្រូវរបស់កម្ពុជា មានការកើនឡើងរហូតដល់ប្រមាណជាង៣តោនក្នុងមួយហិកតា។
ជាមួយគ្នានេះក៏បានជំរុញឲ្យធនាគារឯកជន ចូលរួមផ្តល់ឥណទានដល់វិស័យស្រូវអង្ករផងដែរ ដើម្បីជួយឲ្យស្រូវរបស់កសិករ មានតម្លៃល្អឡើងវិញ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា «ជាមួយនោះប៉ុន្មានជា៣-៤ថ្ងៃមុន ខ្ញុំបានចុះហត្ថលេខាបញ្ចេញថវិកា១០០លានដុល្លារ ដើម្បីបញ្ជូនឲ្យបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យម។ ម៉ាស៊ីនកិនស្រូវក៏ជាផ្នែកមួយនៃ សហគ្រាសធុនតូច និងមធ្យមដែរ បន្ទាប់ពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាល បណ្ដាឯកជន [ធនាគារឯកជន] ក៏ត្រូវតែចូលរួម ដើម្បីគាំទ្រតម្លៃស្រូវរបស់កសិករ និងកសិផលដទៃទៀតរបស់ប្រជាពលរដ្ឋរបស់យើង»៕