(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសជាថ្មីម្ដងទៀតថា កម្ពុជាមិនយកអធិបតេយ្យរបស់ជាតិ ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយនោះឡើយ ហើយអ្វីដែលកម្ពុជាធ្វើបាន ត្រូវធ្វើឲ្យខ្លួនឯង ហើយអ្វីដែលធ្វើមិនបានក៏អត់ទៅ។

ការបញ្ជាក់ពីបញ្ហានេះបន្ទាប់ពីក្រុមអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ រំពឹងថា នឹងមានការវិវឌ្ឍន៍លើបញ្ហានយោបាយនៅថ្ងៃទី១២ ខែធ្នូ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ស្រុកខ្មែរចាប់ពីថ្ងៃនេះតទៅមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកមិញនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយហើយ អត់យកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬក៏ភាពអនុគ្រោះពីអ្នកណាទាំងអស់ អ្វីដែលធ្វើបានបាន អ្វីដែលធ្វើមិនបានគឺអត់»

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដេចឯកភាពនូវការលើកឡើងថា ប្រទេសប្រជាធិបតេយ្យត្រូវតែគោរពច្បាប់ ប៉ុន្ដែត្រូវគោរពច្បាប់សកល មិនមែនគោរច្បាប់របស់ក្រុមមួយនោះទេ ហើយច្បាប់ដែលត្រូវគោរពជាសកលនោះ គឺច្បាប់ចេញពីធម្មនុញ្ញសហប្រជាជាតិ មិនអាចយកច្បាប់របស់ក្រុមប្រទេសមួយ យកមកឲ្យប្រទេសមួយ និងក្រុមប្រទេសមួយគោរពទេ។

ដោយឡែក ពាក់ព័ន្ធជាមួយអ្វីដែលគេលើកឡើងថា នឹងមានការវិវឌ្ឍន៍ថ្មីលើបញ្ហានយោបាយនៅកម្ពុជា ក្រោយថ្ងៃ១២ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការងឿងឆ្ងល់ដូចគ្នាថានឹងមានអ្វីកើតឡើង ប៉ុន្ដែសម្ដេចគូសបញ្ជាក់ថា អ្វីដែលសម្ដេចកំពុងតាមមើល គឺការបោះឆ្នោតនៅប្រទេសអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុប។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា បញ្ហានេះមិនមែនជាប់ពាក់ព័ន្ធតែនៅប្រទេសអង់គ្លេស តែម្នាក់ឯងនោះទេ គឺជារឿងរបស់អឺរ៉ុប ហើយក៏មានទាក់ទងដល់ប្រទេសកម្ពុជាផងដែរ ព្រោះអង់គ្លេសធ្លាប់បានសន្យាជាមួយកម្ពុជាថា បើទោះបីជាចាកចេញពីសហភាពអឺរ៉ុបក៏ដោយ ប៉ុន្ដែគោលនយោបាយពាណិជ្ជកម្មជាមួយប្រទេសទាំងអស់អត់បានផ្លាស់ប្ដូរទេ៕