(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញនូវការពេញចិត្ត ចំពោះចំណូលពន្ធគយ និងពន្ធដារ ដែលសម្រេចបាននៅឆ្នាំ២០១៩នេះ ដោយគិតត្រឹមថ្ងៃទី០៩ ខែធ្នូ កម្ពុជា ទទួលបានចំណូល ៥,៦៥២លានដុល្លារ លើសផែនការ១,១០៣លានដុល្លារ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ CUS ប្រមាណជិត ៧ពាន់នាក់នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូនេះ នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយដោយមោទនភាពថា កំណែទម្រង់ដែលយើងធ្វើបានទទួលផលល្អណាស់។ ខ្ញុំមិននិយាយចំណូលរួមទេ ខ្ញុំយកតែចំណូលពីរមកជម្រាបជូន ទី១៖គឺចំណូលគយ។ ចំណូលគយ ក្នុងច្បាប់ថវិកា [ឆ្នាំ២០១៩] ត្រូវរកឲ្យបាន២,២៦០លានដុល្លារ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី០៩ ខែធ្នូ យើងរកបានរហូតដល់៣,០១៣លានដុល្លារ បានសេចក្តីថាលើសផែនការចំនួន៧៥៨លានដុល្លារ។ បើយើងគិតជាមធ្យមចំណូលគយបាន១០លានដុល្លារក្នុង១ថ្ងៃ ដល់នៅ២០ថ្ងៃទៀត អីចឹងចំណូលគយលើសផែនការ តាមការប៉ាន់ប្រមាណ៨០០លានដុល្លារ។ សម្រាប់ចំណូលខាងផ្នែកពន្ធដារ គឺត្រូវរកឲ្យបាន២,២៨៨លានដុល្លារ [ច្បាប់ថវិកា២០១៩] ប៉ុន្តែឥឡូវនេះ រកចំណូលបាន២,៦៣៤លានដុល្លាររួចស្រេចទៅហើយ ដែលលើសការគ្រោងទុក៣៤៥លានដុល្លារ។ អីចឹងទាំង២ផ្នែកនេះ ត្រូវរកចំណូលសរុបឲ្យបាន៤,៥៤៨លានដុល្លារ ក្នុងច្បាប់ថវិកា ក៏ប៉ុន្តែមកដល់ពេលនេះ យើងរកបាន៥,៦៥២លានដុល្លារ មកដល់ពេលនេះយើងបានលើសផែនការ រួចស្រេចទៅហើយ លើស១,១០៣លានដុល្លារ នៅសល់១ខែចុងក្រោយនេះ ថវិកាដែលយើងទទួលបានលើសផែនការ ប្រមាណជាង១,៣០០លានដុល្លារ»។
សម្រាប់ចំណូលពន្ធគយ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅឆ្នាំ២០១៩នេះចំណូលពន្ធគយដែលបានពីការទិញរថយន្ត និងម៉ូតូ មានរហូតដល់៥២ភាគរយ ដោយសារស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពល្អប្រសើរ ពួកគាត់មានលទ្ធភាពទិញមធ្យោបាយធ្វើដំណើរកាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា រាជរដ្ឋាភិបាលមានថវិកាប្រមាណ៣,៥០០លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ ពេលមានការបន្ទាន់ភ្លាមៗ។ ថវិកានេះ មិនទាន់បូកបញ្ចូលប្រាក់បម្រុងអន្តរជាតិ១៥ពាន់លានដុល្លារ និងមាស៣០តោននៅឡើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអ្នកជាប់កាតព្វកិច្ចពន្ធទាំងឡាយ ត្រូវតែនាំគ្នាចូលរួមបង់ពន្ធជូនរដ្ឋ ហើយប្រាក់ដែលបានពីការបង់ពន្ធនេះ គឺយកទៅប្រើប្រាស់សម្រាប់ការធ្វើផ្លូវ និងសាងសង់មន្ទីរពេទ្យជាដើម។
ជាមួយគ្នានេះ សម្តេចបានថ្លែងការកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតក្នុងលំដាប់ខ្ពស់ជាងគេ ក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០១៨ ហើយឆ្នាំ២០១៩នេះ ក៏នៅតែបន្តខ្ពស់ជាងគេក្នុងតំបន់អាស៊ានផងដែរ ហើយនៅឆ្នាំ២០២០ខាងមុននេះ ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ នឹងកើនដល់ជាង១៨០០ដុល្លារ។
សម្តេចតេជោ ហ៊ុន សែន «អរគុណណាស់ដែលនៅកម្ពុជាបច្ចុប្បន្ននេះ ក្លាយជាប្រទេសដែលវប្បធម៌បង់ពន្ធ បានជ្រាបចូលទៅក្នុងចំណោមអ្នកជាប់ពន្ធ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់យើង ទទួលបានលទ្ធផលល្អ។ បើនិយាយពីទំហំសេដ្ឋកិច្ចឆ្នាំ២០១៩ មានតែ២៤ពាន់លានដុល្លារ ដូច្នេះប្រជាជាពលរដ្ឋរបស់យើងទទួល បានត្រឹមតែជាង១៦០០ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ [...] សម្រាប់ច្បាប់ថវិកា ឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចរបស់យើងឡើងជិត៣០ពាន់លានដុល្លារ ដែលប្រជាពលរដ្ឋម្នាក់នឹងបានលើស១៨០០ដុល្លារ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្ត ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលទាំងរាជរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិវាយតម្លៃថា នៅឆ្នាំ២០១៩នេះ សេដ្ឋកិច្ចរបស់យើងនឹងសម្រេច បានក្នុងអត្រាកំណើនខ្ពស់ក្នុងរង្វង់៧ភាគរយ អត្រាអតិផរណាមានត្រឹមតែ២.៥ភាគរយប៉ុណ្ណោះ ដែលជាអត្រាដ៏ល្អមួយ៕