(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានប្រមាថជីវិតម្តាយក្មេករបស់សម្តេច ហើយថាម្ដាយក្មេករបស់សម្ដេច បានស្លាប់បាត់ទៅហើយ ប៉ុន្ដែសម្តេចផ្តាំឲ្យបុគ្គលនោះថា បានជ្រុលជារត់ហើយ ត្រូវរត់ឲ្យឆ្ងាយប្រយ័ត្នគេចាប់ជាប់។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារស្ថានភាពម្ដាយក្មេកសម្ដេចធ្ងន់ធ្ងរ ដូច្នេះសម្ដេចមិនទាន់អាចទៅបំពេញការងារនៅក្រៅប្រទេសបានឡើយ ប៉ុន្ដែសម្ដេចអាចធ្វើកម្មវិធីផ្សេងៗក្នុងប្រទេសបាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាអ្នកបញ្ជូនសារហែងចេះរួចខ្លួន ឆ្លងព្រំដែនរួចហើយបានហែងបង្ហោះ វាថាម្ដាយក្មេកខ្ញុំ ស្លាប់បាត់ទៅហើយ ប៉ុន្ដែរង់ចាំក្រោយថ្ងៃ១២ ដែលជាថ្ងៃយើងដាក់របាយការណ៍ទៅសហភាពអឺរ៉ុប វាប្រមាថម្ដាយក្មេកខ្ញុំថាស្លាប់បាត់ទៅហើយតែខ្ញុំលាក់ ហែងគ្រាន់បើហែងរួចខ្លួន ហែងរត់រួច ប៉ុន្ដែហែងរត់ត្រូវរត់ឲ្យឆ្ងាយ កុំនៅជិតតែនៅជិតអញចាប់យកបាន»

គួរជម្រាបថា មហាឧបាសិកា ប៊ុន ស៊ាងលី មានជន្មាយុ៩៦ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រហូតមកដល់ពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ម្ដាយក្មេករបស់សម្ដេចកំពុងទទួលបានការថែទាំ យ៉ាងយកចិត្ដទុកដាក់ពីមន្ទីរពេទ្យកាល់ម៉ែត។

សម្ដេចតេជោ ហ៊ុន សែន បានលុបចោលកម្មវិធីត្រូវចេញទៅបំពេញការងារនៅក្រោប្រទេសមួយចំនួន ដូចជាកិច្ចប្រជុំអាស៊ានកូរ៉េជាដើម និងជំនួបជាមួយពលករ ពលការិនី កំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»