(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបានចេញមុខលើកទឹកចិត្តកីឡាករជម្រើសជាតិកម្ពុជា កែវ សុខផេង ទោះបីជាកម្ពុជាប្រកួតចាញ់មីយ៉ាន់ម៉ា កាលពីម្សិលមិញក៏ដោយ។ សម្តេចបានចាត់ទុកថា ការលាបពណ៌ទៅលើកីឡាករខ្សែប្រយុទ្ធនេះ ក្រោយពេលចាញ់វៀតណាម និងមីយ៉ាន់ម៉ា គឺផ្តើមឡើងដោយនយោបាយរបស់ក្រុមប្រឆាំង ដែលជារឿងអកុសលបំផុសត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «នេះជារឿងអកុសលបំផុតៗ តែនៅពេលទាត់ឈ្នះម៉ាឡេស៊ីទៅជាថា កែវ សុខផេង ជាវីរបុរស នៅពេលទាត់ចាញ់វៀតណាម បែរជាថាកែវ សុខផេង មានម្តាយជាវៀតណាម។ ទោះបីជាម្តាយជាអ្វីក៏ដោយ តែកីឡាករជាតិរបស់យើង»។
ប្រតិកម្មសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីបុគ្គលមួយចំនួន បាននាំគ្នាវាយប្រហារចំពោះ កីឡាករបាល់ទាត់ឆ្នើមមួយរូបរបស់កម្ពុជា ដែលពុំអាចទាត់បញ្ចូលទីនៅពេលប្រកួតជាមួយក្រុមជម្រើសជាតិ U22 វៀតណាម និងមីយ៉ាន់ម៉ា នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។
ក្នុងការប្រកួតចុងក្រោយ កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំ កម្ពុជា បានខកខានទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់គូប្រជែង U22 របស់មីយ៉ាន់ម៉ា ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៥ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២។ ក្នុងពេលស៊ុត ប៉េណាល់ទី កីឡាករខ្មែរទាំង៤នាក់ បានសុទ្ធចូល លើកលែងតែ កែវ សុខផេង មួយប៉ុណ្ណោះ។
ជាមួយនឹងការថ្លែងលើកទឹកចិត្តកីឡាករខ្មែរដែលខិតខំអស់ពីសមត្ថភាព សម្តេចតេជោ ហ៊ុន សែន ក៏បាននិយាយអំពីការសាមគ្គីរបស់វៀតណាមដែលក្នុងនោះ ក៏មានការចូលរួមពីអ្នកសារព័ត៌មានវៀតណាមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មុនពេលប្រកួតអ្នកសារព័ត៌មានវៀតណាម បានស្រាវជ្រាវអំពីប្រវត្តិរបស់កីឡាករកម្ពុជាម្នាក់ ក្នុងនោះវៀតណាមបានឱ្យប្រុងប្រយ័ត្នជាងគេទៅលើ កីឡាករឆ្នើម កែវ សុខផេង តែម្តង។
សម្តេចបានបញ្ជាក់បន្តថា៖ «រឿងលាបពណ៌ គឺជាវប្បធម៌របស់ក្រុមប្រឆាំងផ្កាប់មុខ ហើយក្រុមហ្នឹងជាក្រុមចង្រៃបំផុត ដែលនាំប្រទេសលិចលង់ឱ្យតែចង់ប្រឆាំងនរណា ដូចជាទម្លាក់សម្តេចនរោត្តម សីហនុ ចោទសម្តេច នរោត្តម សីហនុ ថាចូលដៃជាមួយវៀតណាម យៀកកុង ឬវៀតណាមខាងជើង ចង់ប្រឆាំងរដ្ឋាភិបាល ហ៊ុន សែន គឺចោទរដ្ឋាភិបាល ហ៊ុន សែន ថាលក់ដីឱ្យវៀតណាម»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលាបពណ៌បែបនេះ មិនអាចបង្កភាពសុខដុមរមនា នៅក្នុងសង្គមកម្ពុជាបានទេ ប៉ុន្តែវាបង្កឱ្យមានការបែកបាក់ជាតិ និងរាំងស្ទះដល់ភាពរីកចម្រើនរបស់កម្ពុជា ដែលនយោបាយនេះ មិនមែនដាក់ចេញដោយសម្តេចនោះទេ ប៉ុន្តែជាការដាក់ចេញដោយក្រុមប្រឆាំង ទោះបីជាមិននិយាយចំឈ្មោះ ប៉ុន្តែសម្តេចទំនងជាសំដៅទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាម ដែលទើបនឹងបរាជ័យក្នុងផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចបានបន្តថា «នយោបាយ "ទឹកលិចត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី" មិនមែនជាគោលនយោបាយរបស់ខ្ញុំទេ "មានឯងអត់អញ មានអញអត់ឯង" គឺមានតាំងពី ២០០៣ នរណាអ្នកដាក់? នយោបាយហ្នឹងអ្នកហ្នឹងដាក់ចេញហើយនៅ? "មានសែនអត់ស៊ី មានស៊ីអត់សែន" ឥឡូវមានតែសែនទេវាអត់មានស៊ី»។ សម្តេចបន្តទៀតថា៖ «ខ្ញុំមិនអាចឱ្យអ្នកឯងសម្លាប់ខ្ញុំបានទេ ខ្ញុំក៏មិនអាចឱ្យអ្នកឯងធ្វើអ្វីខ្ញុំបានទេ»។
ពាក់ព័ន្ធនឹងនយោបាយប្រជាភិថុតរបស់ក្រុមប្រឆាំងនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ដែលបានចេញមកព្រមាននូវសារនយោបាយ «ទឹកលិចត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ប៉ុន្តែសម្តេចបានរិះគន់ទៅអ្នកការទូតនៅប្រទេសមួយចំនួន ដែលបានការពារក្រុមឧទ្ទាម នៅពេលពួកគេប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា៖ «តើជាតិរបស់យើងបានសុខទេ? បើចោទថា អានេះជាខ្ញុំអាមេរិក អានេះជាខ្ញុំចិន អានេះជាខ្ញុំវៀតណាម អានេះជាខ្ញុំបារាំង តើជាតិសាសន៍របស់យើងវាទៅជាស្អី»។ សម្តេចបន្តទៀតថា សម្រាប់វិស័យនយោបាយវិញ ការលាបពណ៌បានចេញមកជារូបភាពបង្កហិង្សា បំបែកបំបាក់ជាតិសាសន៍ធ្ងន់ធ្ងរបំផុត៕