(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសឲ្យដឹងថា ការវះកាត់ដូរក្រលៀន និងសរីរាង្គមួយចំនួនរបស់មនុស្ស អាចធ្វើបានដោយសុវត្ថិភាព នៅមន្ទីរពេទ្យយោធា ឬហៅថា មន្ទីរពេទ្យព្រះកេតុមាលា នៅរាជធានីភ្នំពេញ ដោយមិនចាំបាច់ចំណាយថវិកាច្រើន ចេញទៅព្យាបាលនៅពេទ្យក្រៅប្រទេសឡើយ។
ការប្រកាសឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតពេទ្យ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីចែករំលែក និងជម្រាបជូនប្រជាពលរដ្ឋកម្ពុជារបស់យើង ឲ្យបានជ្រាបថា ការដូរក្រលៀន ឬសរីរាង្គមួយចំនួន គឺធ្វើបាននៅក្នុងប្រទេសកម្ពុជា របស់យើងដោយសុវត្ថិភាព គឺនៅក្នុងមន្ទីរពេទ្យកងទ័ព (មន្ទីរពេទ្យព្រះកេតុមាលា) របស់យើងតែម្ដង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្ត ឲ្យបងប្អូនដែលកំពុងជួបបញ្ហាដូរក្រលៀន កុំអស់សង្ឃឹមឲ្យសោះ ទោះបីគ្មានប្រាក់ គឺឲ្យតែមានសាច់ញាតិបងប្អូនកូនចៅ ឬគ្រួសារអ្នកជំងឺ មានក្រលៀនប្រភេទដូចគ្នា គឺអាចមកពិភាក្សា ព្យាបាល និងដោះដូរនៅមន្ទីរពេទ្យព្រះកេតុមាលាបាន ដែលមានគុណភាពល្អដូចមន្ទីរពេទ្យ នៅក្រៅប្រទេសផងដែរ។
លើសពីនោះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ការអភិវឌ្ឍវិស័យសុខាភិបាល ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីឲ្យសក្តិសមជាកន្លែងព្យាបាលរបស់ជាតិ ក្នុងការបម្រើសេវាសុខភាពជូន ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការយោគយល់ ពីមន្ត្រីជាប់កិច្ចសន្យាមួយចំនួន ដែលតែតែងស្នើសុំសម្តេច ដើម្បីបានក្របខណ្ឌពេញសិទ្ធិ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនអាចធ្វើទៅបាននោះឡើយ ដោយស្នើឲ្យគោរពតាមវិធាននានា ជាពិសេសគឺការប្រលង៕