(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្នុងបរិបទ នៃយុគសម័យឌីជីថល ភាពប៉ិនប្រសព្វលើជំនាញរឹង (Hard skill) តែមួយមុខ មិនអាចឆ្លើយតបនឹងតម្រូវការ ទីផ្សារការងារបានគ្រប់គ្រាន់នោះទេ ដោយចាំបាច់ត្រូវមានការអភិវឌ្ឍបន្ថែម នូវជំនាញទន់ (Soft skills) របស់សិស្ស។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្ដជាផ្លូវការ កម្មវិធីសិក្សា E2STEM វិទ្យាល័យព្រះយុគន្ធរ ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណសាលាវិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

លើសពីនោះទៅទៀត អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា កម្មវិធីសិក្សាក៏ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ និងសីលធម៌, ការហាត់ពត់ចិត្តគំនិត, ការពង្រឹងស្មារតី ការងារជាក្រុមរបស់សិស្សជាដើម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងឧត្តមភាពប្រកួតប្រជែង របស់ធនធានមនុស្សកម្ពុជា ថែមមួយកម្រិតទៀត។

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ក៏សូមគាំទ្រដល់គំនិតផ្តួចផ្តើម និងការពង្រីកសាលារៀនជំនាន់ថ្មី ឲ្យបានកាន់តែច្រើនថែមទៀត ដែលបច្ចុប្បន្នមាន១១ សាលានៅទូទាំងប្រទេស ដើម្បីបង្កឱកាសឲ្យសិស្សានុសិស្ស និងនិស្សិតកម្ពុជា មានលទ្ធភាពកាន់តែច្រើន ក្នុងការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា, និងសូមជូនពរឲ្យកម្មវិធីសិក្សានេះ ដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ការលើកកម្ពស់អក្ខរកម្មឌីជីថល មិនត្រឹមទាមទារឲ្យឃើញ ត្រូវបង្រៀនសិស្សឲ្យចេះ ប្រើប្រាស់កុំព្យូទ័រមួយមុខប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងត្រូវផ្តោត លើជំនាញមូលដ្ឋាន នៃការសរសេរកូដកុំព្យូទ័រ (Coding) ផងដែរ។

លោករដ្ឋមន្ដ្រីបន្ដថា ការសរសេរកូដកុំព្យូទ័រ មិនមែនមានន័យថា ពួកគេនឹងត្រូវក្លាយ ជាអ្នកវិទ្យាសាស្ដ្រកុំព្យូទ័រនោះទេ ប៉ុន្ដែជំនាញមូលដ្ឋាននេះ នឹងផ្ដល់ឱកាស ដល់ក្មេងៗជាសិស្សតូចៗ នូវគំនិតថ្មីៗ និងហ៊ានសាកល្បងអ្វីដែលថ្មី, រៀនគិតកាន់តែស៊ីជម្រៅ និងមានតក្កភាព (Critical and logical thinking) និងរៀនពីរបៀបដោះស្រាយបញ្ហា ដែលកត្តាទាំងនេះ មានសារៈសំខាន់ដល់ការពង្រឹងចំណេះដឹងផ្នែក STEM របស់ពួកគេ។

ដើម្បីចូលរួម ជាមួយកិច្ចខិតខំប្រឹងប្រែងនេះ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន សូមលើកស្នើជាគំនិតផ្តួចផ្តើមមួយថា សាលាជំនាន់ថ្មីដែលមាន បំពាក់នូវបន្ទប់កុំព្យូទ័ររួចហើយ គួររៀបចំគិតគូរបញ្ចូលជំនាញមូលដ្ឋាន សរសេរកូដកុំព្យូទ័រនេះ ដោយសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ដ្រី សូមណែនាំឲ្យមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដែលមានអ្នកជំនាញផ្នែកឌីជីថល ផ្តល់ការគាំទ្រផ្នែកធនធានមនុស្ស និង ជួយរៀបចំមេរៀនមូលដ្ឋាន ទៅតាមលទ្ធភាពជាក់ស្តែង សម្រាប់បង្ហាត់បង្រៀន ដល់គ្រូបង្គោលនៅតាមសាលាជំនាន់ថ្មី ដើម្បីឱ្យលោកគ្រូ-អ្នកគ្រូអាចមានជំនាញ និងចំណេះដឹងបន្ថែមសម្រាប់គាំទ្រដល់គំនិតផ្ដួតផ្ដើមនេះ ប្រកបដោយនិរន្ដរភាព៕