(ព្រះវិហារ)៖ សាលាបឋមសិក្សាមួយខ្នង ដែលមានអគារជារោងដោលមាន ២បន្ទប់ ដែលមានសភាពចាស់ទ្រុឌទ្រោម ស្ថិតនៅតំបន់ដាច់ស្រយ៉ាល ចុងកាត់មាត់ញក ក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់និងជួយឧបត្ថម្ភពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីលោកបានដឹកនាំក្រុមការងារ ចុះទៅពិនិត្យជាក់ស្តែងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

លោក ជា គឹមសេង បានថ្លែងថា ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង នៅសាលាបឋមសិក្សាខាងលើ ឃើញថា អគារសិក្សាមួយខ្នងដែលសិស្សកំពុងតែរៀនសូត្រសព្វថ្ងៃនេះ ជាប្រភេទរោងដោលមាន ២បន្ទប់ ធ្វើអំពីឈើប្រក់សង្ក័សី ហើយចំពោះដំបូលសង្ក័សីក៏មានការធ្លុះធ្លាយ ចំណែកជញ្ជាំងក្តារក៏មានសភាពចាស់ និងកន្លែងខ្លះពុកផុយ បែកបាក់ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលស្រុកជាំក្សាន្ត ក៏បានណែនាំឲ្យថ្នាក់ដឹកនាំសាលា និងប្រជាសហគមន៍ដែលជាអាណាព្យាបាលសិស្ស ត្រូវធ្វើការជួសជុលអគាររោងដោលចាស់នេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យសិស្សបានរៀនសូត្រ។

លោកបានឧបត្ថម្ភថវិកាចំនួន ២លានរៀល សង្ក័សីថ្មីចំនួន ៣០០សន្លឹកសម្រាប់ប្រក់ដំបូលអគាររោងដោលចាស់នេះ ដោយសារកំណើនសិស្សមានការកើនឡើងលោក ជា គឹមសេង បានប្រកាសសាងសង់អគាររោងដោលថ្មី១ខ្នងទៀត ដែលមាន៉ទទឹង ៧ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២០លានរៀល៕