(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើប្រាស់) មានចំនួន១៩,៩៨៤ខ្នង ផ្ទះស្មើ៦៧ភាគរយ និងខ្នងផ្ទះ ដែលទទួលបានសេវាទឹកស្អាតប្រើប្រាស់មានចំនួន ១៩២,៤០១ខ្នងផ្ទះ ស្មើ៧២ភាគរយ។

ការលើកឡើងរបស់លោក អ៊ុន ចាន់ដា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ឱកាសអញ្ជើញជាអធិបតី ក្នុងសន្និសីទប្រចាំឆ្នាំលើកទីមួយ ស្ដីពីអ្នកដឹកនាំឆ្នើមដើម្បីនិរន្តភាព វិស័យទឹកស្អាត និងអនាម័យជនបទ ខេត្តកំពង់ចាម។ ពិធីនេះត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានបន្ដទៀតថា ផ្នែកអនាម័យនៅខ្វះ៣៣ភាគរយ, ផ្នែកទឹកស្អាតនៅខ្វះ២៨ភាគរយ ដូច្នេះចំណុចខ្វះខាតនេះ លោកបានជំរុញឲ្យ ខាងអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក និងឃុំ-សង្កាត់ ធ្វើយ៉ាងណាក្នុងរយៈពេល៦ឆ្នាំទៀត គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សូមឲ្យខ្នងផ្ទះប្រជាពលរដ្ឋ មានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់១០០ភាគរយ តែម្តង។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តជំរុញការជួសជុលអណ្តូងស្នប់ និងលើកផែនការសម្រាប់សាងសង់អណ្តូងទឹក និងបង្គន់អនាម័យជាប្រចាំ។ ចំណែកអភិបាលស្រុក និងមេឃុំ ត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យ ទៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីឆ្នាំ២០២០ទៅ។

ដោយឡែក សម្រាប់មេឃុំ មេភូមិនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់អនាម័យឲ្យបានច្បាស់លាស់ជារៀងរាល់ខែ និងត្រូវរួមសហការគ្នាឲ្យបាន ជាប់ជាប្រចាំរវាងរដ្ឋបាលខេត្ត ស្រុក ឃុំ មន្ទីរជំនាញ និងអង្គការដៃគូរ។ ជាងនេះទៅទៀត អាជ្ញាធរស្រុក ឃុំ និងមេភូមិ ត្រូវចុះជំរុញ និងតាមដានជាប្រចាំ អំពីការសាងសង់បង្គន់អនាម័យ និងអណ្តូងទឹកនៅតាមភូមិនីមួយៗ ហើយត្រូវរាយការណ៍មកមន្ទីរអភិវឌ្ឍន៍ជនបទ ជារៀងរាល់ខែផងដែរ៕