(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បន្ទាប់ពីជួបប្រជុំជាមួយប្រតិភូកូរ៉េ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម បានសម្រេចរៀបចំក្រុមការងារសហការគ្នាចុះសិក្សា ដើម្បីរៀបចំភូមិគំរូ ក្នុងខេត្តកំពង់ចាម និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋលើផ្នែកកសិកម្ម។

លោកបណ្ឌិត CHOI Oe-chool បានថ្លែងថា គម្រោងដែលត្រូវអភិវឌ្ឍន៍ជាភូមិគំរូ មានឈ្មោះថា ចលនាភូមិថ្មី ដែលជាចលនាអភិវឌ្ឍជនបទដែល ជាគោលនយោបាយមួយ របស់ប្រទេសកូរ៉េ ក្នុងការអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ហើយគោលនយោបាយនោះ បានធ្វើឱ្យប្រទេសកូរ៉េ មានការរីកចម្រើន និងបានទទួលការគាំទ្រពីខាងអង្គការសហប្រជាជាតិ និងធនាគារពិភពលោកផងដែរ។

លោក CHOI Oe-chool បានបន្តទៀតថា ចលនាភូមិថ្មីមានចំណុចដែលសំខាន់ៗរួមមានទី១៖ ដូចជាការផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សពោល គឺធ្វើឱ្យមនុស្សដែលខ្ជិលទៅជាឧស្សាហ៍ព្យាយាមនឹងធ្វើឱ្យមនុស្សបាត់ភាពអាត្មានិយម, ចំណុចទី២៖ គឺផ្លាស់ប្ដូរបរិស្ថាន ហើយពេលនោះផ្ទះនីមួយៗ មិនត្រូវឱ្យមានបន្ទប់ទឹកទេ ដោយពួកគាត់ងាកមកប្រើបន្ទប់ទឹក និងបង្គន់ហើយ និងផ្ទះបាយរួមគ្នា ចំណុចទី៣៖ គឺស្វែងរកវិធីសាស្ត្រ ដើម្បីបង្កើនចំណូលតាមរយៈផ្នែកកសិកម្មនេះតែម្ដង។

ទាក់ទិនទៅនឹងគម្រោងអភិវឌ្ឍភូមិគំរូ និងវិធីសាស្រ្តបង្កើនចំណូលឱ្យប្រជាកសិករលើផ្នែកកសិកម្មនេះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត បានស្វាគមន៍នឹងធ្វើការសហការគ្នា ដោយរៀបចំក្រុមការងារ ចុះធ្វើការសិក្សាជាមួយនឹងក្រុមប្រតិភូកូរ៉េ ដើម្បីបញ្ជាក់បានថា តើត្រូវចាប់ផ្ដើមពីតំបន់ណាដែលអាចសន្មត់ត្រូវអភិវឌ្ឍឱ្យទៅជាភូមិគំរូនោះ?៕