(កណ្ដាល)៖ កម្លាំងនគរបាលស្រុកកោះធំ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ប៉ុន្តែចាប់បានវត្ថុតាងមួយចំនួន ខណៈអ្នកញៀនល្បែងស៊ីសង រត់បាត់ស្រមោលអស់រលីង។

នគរបាលបានរៀបរាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ វេលាម៉ោង១០៖៣០ ដោយទទួលព័ត៌មានពីមហាជនបានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍ថា មានការលួចជល់មាន់នៅក្នុងព្រៃខាងក្រោយ ភូមិព្រែកផ្អាវ ឃុំកំពង់កុងស្រុកកោះធំ ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍សហការ ជាមួយប្រជាការពារបានចុះបង្រ្កាប ប៉ុន្តពេលសមត្ថកិច្ចទៅដល់ មុខសញ្ញាអ្នកលែងបានរត់បាត់អស់ បន្សល់ទុកវត្ថុតាងមួយចំនួន។

វត្ថុតាងចាប់យកបានរួមមានទី១៖ ម៉ូតូម៉ាកហុងដា C៥០ ពណ៌ខៀវចាស់គុបមូល ស្លាកលេខ ភ្នំពេញ១B-១១៧៣, ទី២៖ ម៉ូតូម៉ាកហុងដា គុបមូល ពណ៌ទឹកប៊ិច គុបមូល C៥០ គ្មានស្លាកលេខ, ទី៣៖ ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល ១R-៤១៣៣, ទី៤៖ កន្រ្តកដាក់មាន់ ចំនួន០៣, ទី៥៖ មាន់ជល់ចំនួន០១, ទី៦៖ ជញ្ជីងថ្លឹងមាន់ចំនួន០១ និងទី៧៖ ស្បែកជើងចំនួន០៤គូរ។

វត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវ រកជនសង្ស័យដើម្បីធ្វើកាអប់រំ៕